You are currently viewing ស្ត្រីម្នាក់ដែលឆាតបោកប្រាស់ ដោយទារប្រាក់ពីប្រជាពលរដ្ឋ តាម Facebook ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួន

ស្ត្រីម្នាក់ដែលឆាតបោកប្រាស់ ដោយទារប្រាក់ពីប្រជាពលរដ្ឋ តាម Facebook ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួន

ភ្នំពេញ៖ ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ សូត្រ សុផារី ភេទស្រី អាយុ២៩ មុខរបរនៅផ្ទះ ស្នាក់នៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ នៅវេលាម៉ោង១៨ និង ៤០នាទី ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌសែនសុខ សហការជាមួយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យម្នាក់នៅតាមផ្លូវលេខ១១ ក្នុងបុរីពិភពថ្មីទល់មុខកន្លែងវេលុយវីង សង្កាត់ដង្កោ ខណ្ឌដង្កោ ជនសង្ស័យមានឈ្មោះ គុណ មករា ភេទស្រី អាយុ ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៤១ ផ្លូវលេខ១១ ក្នុងបុរីពិភពថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ ។
ដកហូតសម្ភារៈរួមមាន ៖
១-ប្រាក់ដុល្លារ ២.២០០(ពីរពាន់ពីររយ)ដុល្លារអាមេរិក
២-ខ្សែលោហៈធាតុពណ៌លឿង ០២ ខ្សែ
៣-ខ្សែកលោហៈទង់ដែង ០១ ខ្សែ
៤-ចិញ្ជៀនលោហៈធាតុពណ៌លឿង ០១ វង់
៥-ក្រវិលលោហៈធាតុពណ៌លឿង ០១ គូរ
៦-ក្រវិលលោហៈធាតុទង់ដែង ០១ ចំហៀង
៧-វីសាកាត ០៤សន្លឹក
៨-កាតគ្រីម៉ូតូ ០២សន្លឹក
៩-នាឡិការ ០១គ្រឿង
១០-ទូរស័ព្ទ ០៣គ្រឿង
១១-ម៉ូតូ ០១គ្រឿងម៉ាកធូដេ ពាក់ស្លាកលេខភ ព 1FK.1528 ។
១២-ស៊ីមទូរស័ព្ទស្មាតចំនួន ០៣ ។

សូមបញ្ជាក់ថា៖ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ ជនរងគ្រោះខឹងលើបានលេងឆាត (Facebook) ជាមួយជនសង្ស័យ ហើយជនសង្ស័យបានឆាតប្រាប់ជនរងគ្រោះថាឱ្យដាក់លុយចំនួន ២០០(ពីរយ)ដុល្លារ មកជនសង្ស័យ ដើម្បីទទួលឥវ៉ាន់ដែលគេផ្ញើមកពីប្រទេសក្រៅ ហើយជនរងគ្រោះបានផ្ញើលុយ ២០០(ពីរយ)ដុល្លារ ទៅតែមិនឃើញឥវ៉ាន់ដែលផ្ញើនោះទេ ក្រោយមកជនសង្ស័យបានប្រាប់ជនរងគ្រោះថាទាល់តែផ្ញើ ៨០០(ប្រាំបីរយ)ដុល្លារ ទៀតទើបទទួលឥវ៉ាន់បាន ដោយមានការសង្ស័យជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅ មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ សែនសុខ ដើម្បីឱ្យជួយស្រាវជ្រាវ ក្រោយមកកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថសែនសុខបានសហការជាមួយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវហើយឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យនៅចំណុចខាងលើ នឹងបញ្ជូនជនសង្ស័យមកសាកសួរបន្តនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញដើម្បីបន្តនីតិវិធី។