កណ្តាល៖ នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកណ្តាលលោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល បានផ្សព្វផ្សាយ ណែនាំបន្ថែមនូវសភាពការណ៍ថ្មីៗ ដល់កងកម្លាំងកងរាជអាវុធហត្ថ និងប្រឆាំងដាច់ខាតរាល់ទង្វើទាំងឡាយណារបស់ពួកអគតិ ដែលចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។
លោកឧត្តមសេនីយ៍ត្រីក៏បានត្រួតពិនិត្យកម្លាំង សម្ភារ មធ្យោបាយ និងចែកអាវរងារ ដែលជាអំណោយដ៏ថ្លៃថ្លា របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលមានការយកចិត្តទុកដាក់ខ្ពស់អំពីសុខទុក្ខ ដល់កងកម្លាំង។
ឧត្តមសេនីយ៍ត្រី សំ តុលា ផ្សព្វផ្សាយនិងណែនាំបន្ថែមលើផែនការ ការពារព្រះរាជពិធីបុណ្យអុំទូកអកអំបុក សំពះព្រះខែដែលប្រព្រឹត្តទៅនៅថ្ងៃទី0២ ដល់ថ្ងៃទី0៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ខាងមុខនេះ និងបានដាក់បទបញ្ជាដល់កងកម្លាំង កងរាជអាវុធហត្ថខេត្តទាំងអស់ត្រូវយកចិត្តទុកដាក់បំពេញភារកិច្ច បង្ការ បង្រ្កាប និងសង្រ្គោះ ដែលជាយន្តការដឹកនាំ ដ៏មានប្រសិទ្ធិភាពរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេសឲ្យបានខ្ជាប់ខ្ជួន ត្រូវជួយសំរួលចរាចរ និងជួយសង្គ្រោះឲ្យទាន់ពេលវេលា ដល់ប្រជាពលរដ្ឋមានបញ្ហផ្សេងៗ ដែលអញ្ជើញឆ្លងកាត់ចូលមក និងចេញពីរាជធានីភ្នំពេញ។
កងកម្លាំងគ្រប់ជាន់ថ្នាក់ បានប្តេជ្ញាជាមួយលោកឧត្តមសេនីយ៍មេបញ្ជាការថា ការពារដាច់ខាតរដ្ឋាភិបាលស្របច្បាប់ដែលមានសម្តេច ហ៊ុន សែនជាប្រមុខដឹកនាំ ទោះតម្លៃណាក៍ដោយ ក៍មិនអនុញ្ញាតឲ្យក្រុមបង្ករចលាចលខុសច្បាប់ធ្វើឲ្យមាន អសន្តិសុខក្នុងសង្គមបានឡើយ។