ភ្នំពេញ៖ ព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៧ ឯកឧត្តម ឧត្តមសេនីយ៍ឯក ភួង ស៊ីភិន មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការអញ្ជើញចូលរួមពីលោកឯកឧត្តមសេនីយ៍ទោ ឌៀប វណ្ឌី នាយរងសេនាធិការ លោកវរសេនីយ៍ឯក យ៉ែម ច័ន្ទឌី ប្រធានវរៈកងអន្តរាគមន៍យានយន្តចល័តព្រមទាំង នាយ នាយរងអាវុធតហត្ថបានទៅចូលរួមជួបសំណេះសំណាលជាមួយកីឡាករទូក(ង) ឈ្មោះ អធិរាជចក្រភពរង្សី និងឈ្មោះ ទេពពេជ្រកុមារមហាពិភពគុន របស់វត្តទេពរង្សីក្នុងភូមិពោធិ៍មង្គល ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល។ ឯកឧត្តម ភួង ស៊ីភិន បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើ សួរសុខទុក្ខរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ដល់បងប្អូនកីឡាករអុំទូក(ង) ទាំងពីរព្រមទាំងគ្រួសារដោយក្តីនឹករលឹក។
ឈានចូលដល់ព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៧ ដែលជាថ្ងៃចាប់ផ្ដើមការប្រកួតទូក(ង) ឯកឧត្តម ភួង ស៊ីភិន បានអញ្ជើញចុះទៅសួរសុខទុក្ខនិងលើកទឹកចិត្តដល់ក្រុមកីឡាករអំទូក ព្រមទាំងត្រួតពិនិត្យមើលក្នុងការស្នាក់នៅហូបចុករបស់បងប្អូនកីឡាករ ដែលបានបោះទីតាំងនៅមុខភោជនីយដ្ឋានចតុមុខ ខាងលិចស្ពានជ្រោយចង្វារដើម្បីត្រៀមលក្ខណៈប្រកួត។ ក្នុងការសាកសួរសុខទុក្ខ ឯកឧត្តម ក៏បានផ្ដាំផ្ញើដល់កីឡាករអុំទូកទាំងអស់ខិតខំយកចិត្តទុកដាក់ហ្វឹកហាត់ឱ្យបានសស្រាក់សស្រាំ មានកាយវិការហ្វាហាប់ និងស្រុះគ្នាហើយមិនត្រូវនាំគ្នាមានការធ្វេសប្រហែសឡើយ ត្រូវតែនាំគ្នាយកជ័យជំនះពីដៃគូររបស់យើងឱ្យបាន ដើម្បីជាកិត្តិយសសំរាប់ភូមិឃុំស្រុកខេត្ត និងបានផ្ដល់កិត្តិយសសំរាប់វត្តទេពរង្សីដែលជាម្ចាស់ក្រុមទូកទាំងពីរ ហើយជាពិសេសនោះគឺបានផ្ដល់កិត្តិយសយ៉ាងធំធេងដល់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខាដែល ឯកឧត្តម តែងតែយកចិត្តទុកដាក់ទំនុកបំរ៉ុង និងជួយឧបត្ថម្ភដល់ក្រុមកីឡាករអុំទូករបស់យើងជារៀងរាល់ឆ្នាំ។ នៅក្នុងឱកាសនោះដែរ ឯកឧត្តម បានឧបត្ថម្ភដល់ទូកងទាំងពីរមានថវិកាចំនួន ១៥លានរៀល ខោអាវ ៤០០កំប្លេ គោជល់ចំនួន ៦៣កេះ ទឹកសុទ្ធ ៣៧៥យួរ អង្ករ ៣តោន និងថ្លៃរថយន្តដឹកជញ្ជូនកីឡាករចំនួន ២លានរៀលព្រមទាំងប្រាក់ឧបត្ថម្ភសំរាប់ការហ្វឹកហាត់ ២លានរៀលទៀតដើម្បីជួយនៅក្នុងការហ្វឹកហាត់ខាងលើ៕