បន្ទាយមានជ័យៈ នៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅភ្នំកងវ៉ា ស្ថិតភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ លោកវរសេនីយ៍ឯក បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យដែលបានបាញ់គ្រាប់ពិតចំនួន៧២នាក់ ស្រី១១នាក់គឺ បានហ្វឹកហ្វឺនរយៈពេល១៥ថ្ងៃនោះ មានមេរៀន ដូចជាការពារសន្តិសុខ និងសណ្តាប់ធ្នាក់ ហ្វឹកហាត់របៀបជួរទ័ព របៀបប្រើប្រាស់អាវុធ លាងអាវុធ និងបាញ់គ្រាប់ពិត មានបីកាយវិការ បាញ់ឈចំងាយ៣៥ម៉ែត្រ បាញ់អង្គុយចំងាយ៥០ម៉ែត្រ និងបាញ់ដេកចំងាយ១០០ម៉ែត្រ។
លោកវរសេនីយ៍ឯក ប៊ិន បោន បានបញ្ជាក់ទៀតថា ដោយមានការណែនាំពីសំណាក់ ឯកឧត្ដម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីពង្រឹងសមត្ថភាពដល់កម្លាំងកងរាជអាវុធហត្ថគ្រប់បណ្ដារាជធានី ខេត្ត ត្រូវបើកវគ្គហ្វឹកហ្វឺនក្នុងមួយឆ្នាំឲ្យបានពីរដង។
លោកវរសេនីយ៍ឯក បោន ប៊ិនបានបញ្ជាក់ទៀត ការហ្វឹកហ្វឺននេះមានរយៈពេល១៥ថ្ងៃកន្លងមកហើយ ហើយនៅនេះសិក្ខាកាមទាំងអស់បានមកបាញ់គ្រាប់ពិតនៅភ្នំកងវ៉ា ឃើញថាលទ្ធផលទទួលបានប្រមាណជា៨០ភាគរយដែលកម្លាំងខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ក្នុងការរៀនសូត្រ។
លោកបានផ្តាំផ្ញើដល់កម្លាំងសិក្ខាកាមទាំងអស់ ក្រោយពីហ្វឹកហាត់រួចត្រូវយកទៅអនុវត្តន៍ឲ្យចំគោលដៅស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៍ឈ្លាសវ៉ៃ របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលដឹកនាំប្រទេសមានសុខសន្តិភាព និងមានការអភិវឌ្ឍន៍រីកចម្រើនគ្រប់វិស័យនៅកម្ពុជា៕