ព្រះវិហារៈ នៅវេលាម៉ោង១១ និង០០នាទី ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារ សហការជាមួយ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកជាំក្សាន្ត បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ស្ថិតនៅចំណុចភូមិសែនរុងរឿង៥ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ពាក់ព័ន្ធជាមួយករណីឃាតកម្ម។
នេះបើតាមការឱ្យដឹងពី មន្ត្រីជំនាញកងរាជអាវុធហត្ថខេត្ត បានឱ្យដឹងថា ជនសង្ស័យ ដែលត្រូវបាន កម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួនរួមមានឈ្មោះ គង់ ធី ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិសែនរុងរឿង៥ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
មន្ត្រីដដែល បានបន្តឱ្យដឹងទៀតថា នៅយប់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៧ មានករណីឃាតកម្មមួយកើតឡើងនៅចំណុចភូមិសែនរុងរឿង៥ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលជនរងគ្រោះមានឈ្មោះយ៉ាន់ ចិន្ថា ភេទស្រីអាយុ៣០ឆ្នាំ មុខរបរ មេផ្ទះ ត្រូវបានជនសង្ស័យ កាប់ត្រូវចំក្បាលចំនួន៦កាំបិត បណ្តាលឲ្យស្លាប់ភ្លាមនៅលើផ្ទះ។
មន្ត្រីដដែល បានបន្តឱ្យដឹងទៀតថា ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានសំលាប់ឈ្មោះ យ៉ាន់ ចិន្ថា ពិតប្រាកដមែន ដោយសារពេលនោះខ្លួនបានសុំជនរងគ្រោះរួម រ័ក្សជាមួយ តែជនរងគ្រោះមិនព្រម ហើយស្រែកថាជួយផងៗ ហើយអ្នកជិតខាងបានឭ ពេលនោះខ្លួនក៏បានទាញកាំបិតមកកាប់ទៅលើជនរងគ្រោះចំនួន៣កាំបិតចំក្បាលផ្នែកខាងក្រោយហើយក៏ដួលផ្ងាទៅក្រោយ ពេលដែលខ្លួនស្រវឹងផង បានកាប់ថែមទៅលើជនរងគ្រោះប៉ុន្មានកាំបិតទៀតទេ បន្ទាប់មកខ្លួនក៏បានកាន់កាំបិតដើរសំដៅទៅផ្ទះរបស់ខ្លួន ហើយយកកាំបិតទៅលាក់ទុកនៅក្នុងចានដែកលាងចាន ហើយក៏ឡើងទៅលើផ្ទះដេកធម្មតា។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្ត តាមនីតិវិធី។