ស្វាយរៀង៖ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្វាយរៀង បានរៀបចំពិធី អបអរសាទរខួបអនុស្សាវរីយ៍លើកទី ៦៤ ទិវាកំណើតកងយោធពលខេមរភូមិន្ទ
(០៩ វិច្ឆិកា ១៩៥៣-០៩ វិច្ឆិកា២០១៧) និងប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចនិង ការងារកងរាជអាវុធហត្ថខែវិច្ឆិកា ទិសដៅខែធ្នូ ឆ្នាំ២០១៧។ ពិធីនេះក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង និងមានការអញ្ជីញចូលរួមពី លោកមេបញ្ជាការរង លោកនាយរងសេនាធិការដ្ឋាន ប្រធាន អនុប្រធានមន្ទីរ លោក លោកស្រី នាយ នាយរងការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក និងកងអនុសេនាធំចល័តលេខ៤ ជាច្រើនរូបទៀត។
លោកឧត្តមសេនីយ៍ត្រី សែ វទ្ធី មេបញ្ជាការមានប្រសាសន៍ លើកឡើងអំពីសោក វិនាសកម្ម នៅប្រទេសនានា ក្នុងពិភពលោក ដែលជាមហន្តរាយយ៉ាងធ្ងន់ធ្ងរ បំផុតបណ្តាលមកពីបដិវត្តពណ៌ ទោះបីក្នុងតម្លៃណាកដោយ មិនត្រូវអោយបដិវត្តពណ៌កើតឡើងដាច់ខាត នៅក្នុងប្រទេសកម្ពុជា។ លោកឧត្តមសេនីយ៍ត្រី ក៏បានលើកទិសដៅ ដើម្បីអនុវត្តបន្តមាន៖ ស្រាវជ្រាវក្តាប់ព័ត៌មាន តាមមូលដ្ឋាន រក្សាសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ បង្ការ បង្រ្កាបបទល្មើស គ្រប់ប្រភេទ ថែរក្សាមធ្យោបាយ និងគ្រឿងបំពាក់គ្រប់ប្រភេទអោយបានល្អប្រសើរ ជួយសង្គ្រោះប្រជាពលរដ្ឋពេលជួបគ្រោះមហន្តរាយ។