កណ្តាល ៖ អនុវត្តតាមភារកិច្ចស្នូលរបស់កងរាជអាវុធហត្ថ បង្ការ បង្ក្រាប និងសង្គ្រោះ ដែលជាយន្តកាដឹកនាំដ៏មានប្រសិទ្ធិភាពរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស
និង ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល ជាក់ស្តែង នៅវេលាម៉ោង ១៧ និង ០០នាទី ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ មានករណីឃាតកម្មគិតទុកជាមុន (បាញ់សម្លាប់) មួយកើតឡើង នៅចំណុចមាត់ច្រាំងព្រែកដូង ស្ថិតក្នុងភូមិត្បូងដំរី ឃុំកំពង់ចម្លង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ក្រោយកើតហេតុភ្លាម កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកខ្សាច់កណ្តាល និង កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត ដឹកនាំដោយលោក វរសេនីយ៍ឯក ទូច អ៊ីណាន មេបញ្ជាការរងទទួលផែននគរបាលយុត្តិធម៌ និង ដោយមានការសហការដឹកនាំពីជំនាញកងរាជអាវុធហត្ថហត្ថលើផ្ទៃប្រទេស និងការសហកាណ៍ជាមួយកម្លាំងកងរាជងាវុធហត្ថ ខេត្តព្រៃវែង ខេត្តសៀមរាម និងខេត្តឧត្តរមានជ័យ ក្រោមការសម្របសម្រួល ពីលោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកណ្តាល និង ខេត្តដែលពាក់ព័ន្ធ។ កម្លាំងជំនាញ ចុះបានស្រាវជ្រាវករណីខាងលើយ៉ាងយកចិត្តទុកដាក់ ទាំងយប់ថ្ងៃ ដោយឆន្ទៈមិនគិតនឿយហត់ ទទួលបានលទ្ធផលដូចខាងក្រោម៖
១-កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល និងខេត្តព្រៃវែង បានឃាត់ខ្លួនជនសង្ស័យឈ្មោះ ខេង ឡា ភេទស្រី អាយ ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចផ្ទះជនសង្ស័យ ភូមិពោធិរៀងត្បូង ឃុំពោធិរៀង ស្រុកពោធិរៀង ខេត្តព្រៃវែង (ជាជនផ្តើមគំនិត) ជួលឃាតករឈ្មោះ ហ៊ាប ធី មកសម្លាប់ជនរងគ្រោះ សោ សុជាតិ ហៅជ័រ ។ បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តកណ្តាល ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៧។
២-កម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ និង ខេត្តសៀមរាម បានឃាត់ខ្លួនជនសង្ស័យឈ្មោះ ហ៊ាប ធី ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិអូរជញ្ចៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ស្នាក់នៅបណ្តោះអាសន្នក្នុងសង្កាត់ស្វាយដង្គុំ ក្រុងសៀមរាម ខេត្តសៀមរាប (ជាជនដៃដល់) ឃាត់ខ្លួននៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ តាមដីកាបង្គាប់ឲ្យចាប់ខ្លួន របស់ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល នៅចំណុចអណ្តូង៣ ភូមិអូរតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ បន្ទាប់ពីជនសង្ស័យឈ្មោះ ហ៊ាប ធី និងបក្សពួកបោកគ្រាប់បែកចំនួន ០២ គ្រាប់ និង បាញ់តបតរជាមួយសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តសៀមរាម និងខេត្តឧត្តរមានជ័យ នៅចំណុចផ្ទះឈ្មោះ ជា ស្ថិតនៅភូមិអូរតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងមកដែល បណ្តាលឲ្យនាយអាវុធហត្ថខេត្តសៀមរាបម្នាក់ ត្រូវរបួសកំភួនជើង និងកំប៉េះគូថ។
ជនសង្ស័យត្រូវបានបញ្ជូនពីខេត្តឧត្តរមានជយ័ មកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាលនៅថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ដើម្បីបញ្ជូនទៅចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាលចាត់ការ តាមនីតិវិធី។
៣-ពាក់ព័ន្ធនឹងករណីបោកគ្រាប់បែក និង បាញ់តបត ជាមួយសមត្ថកិច្ចជំនាញ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ខេត្តធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ ០២នាក់៖
១-ឈ្មោះ អ៊ាន ឡៃ ភេទស្រី អាយុ ៤៥ ឆ្នាំ មុខរបរលក់ដូរ (ប្រពន្ធឃាតករ) មានទីលំនៅភូមិអូរជញ្ចៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ពាក់ព័ន្ធករណីឲ្យកូនយកគ្រាប់បែកដែលប្តីលាក់ទុកនៅផ្ទះ ទៅឲ្យឪពុកជាជនសង្ស័យ។
២-ឈ្មោះ វុធ លាងតេង ភេទប្រុស អាយុ ២១ ឆ្នាំ មុខរបរលក់ដូរ (កូនឃាតករ) មានទីលំនៅភូមិអូរជញ្ចៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ពាក់ព័ន្ធករណី យកគ្រាប់បែក ទៅឲ្យឪពុកជាជនសង្ស័យ។
ជនសង្ស័យ ០២នាក់ខាងលើ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ កំពុងបន្តនីតិវិធី ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តឧត្តរមានជ័យ។
តាមការស្រាវជ្រាវ និងចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ខេង ឡា និងឈ្មោះ ហ៊ាប ធី ក្នុងអំពើឃាតកម្មនេះ មានការពាក់ព័ន្ធនឹងបក្សពួករបស់ខ្លួន ចំនួន ០៣នាក់ទៀត ដែលបានគេចខ្លួនជាបន្តបន្ទាប់ ចាប់ពីថ្ងៃកើតហេតុ រហូតដល់ថ្ងៃនេះ ។ ដោយឡែកជនសង្សយ័ឈ្មោះ ហ៊ាប ធី បានសារភាពថាកន្លងមក ខ្លួនធ្លាប់ធ្វើសកម្មភាពប្លន់ លួចម៉ូតូ (កាច់ក) តាមបណ្តាខេត្តជាច្រើនលើក និងលើកចុងក្រោយបានប្រព្រឹត្តអំពើឃាតកម្មគិតទុកជាមុន (ស៊ីឈ្នួលបាញ់សម្លាប់មនុស្ស)
ដំណើររឿងហេតុ៖ ជនរងគ្រោះ ឈ្មោះ សោ សុជាតិ ហៅ ជ័រ ធ្លាប់មានស្នេហានឹងគ្នាជាមួយជនសង្ស័យ ឈ្មោះ ខេង ឡា កាលនៅយុវវ័យ។ ក្រោយមកអ្នកទាំងពីរក៏មានគ្រួសារ និងមានកូនរៀងៗ ខ្លួនហើយជនរងគ្រោះនៅតែព្យាមតាមស្រឡាញ់ជនសង្ស័យដដែល ព្រមទាំងបាននិយាយបញ្ចុះបញ្ចូលលួងលោមជនសង្ស័យ ម្តងហើយម្តងទៀតឲ្យលែងលះជាមួយប្តី និងឲ្យដាក់ថ្នាំបំពុលសម្លាប់ប្តីជាដើម…។ល។ ហើយការដើរហើរទៅណាមកណារបស់ជនសង្ស័យ គឺជនរងគ្រោះព្យាយាមតាមរហូត មានពេលខ្លះទៀត ប្តីជនសង្ស័យមិននៅផ្ទះ ជនរងគ្រោះក៏ឆ្លៀតឳកាសផ្លោះរបងចូលទៅរកជនសង្ស័យ ដើម្បីលួងលោមសុំរួមភេទ ប៉ុន្តែជនសង្ស័យមិនយល់ព្រមឡើយ ធ្វើឲ្យជនរងគ្រោះរឹតតែតាម និងប្រច័ណ្ឌជនសង្ស័យខ្លាំងឡើងៗ ព្រមទាំងគំរាមជនសង្ស័យមិនឲ្យប្រាប់រឿងនេះឲ្យអ្នកណាដឹងទេ ជាហេតុធ្វើឲ្យជនសង្ស័យពុំមានសេរីភាពគ្រប់គ្រាន់ក្នុងការរស់នៅឡើយ ដោយសារមានគំនាបរបស់ជនរងគ្រោះ ហេតុនេះហើយជនសង្ស័យក៏មានគំនិតសម្លាប់ជនរងគ្រោះចោល និងសម្រេចចិត្តទៅសុំលេខទូរស័ព្ទរបស់ឃាតករជាជនដៃដល់ ឈ្មោះ ហ៊ាប ធី សុំពី ឈ្មោះ ហ៊ាប ប៊ុនហ៊ាន ហៅ ស រស់នៅក្នុងភូមិជាមួយគ្នា រួចបានណាត់ជួបនិយាយត្រូវរ៉ូវគ្នាជាមួយឃាតរ ឈ្មោះ ហ៊ាប ធី ក៏រៀបចំគំរោងផែនការឡើង។ មុនពេលកើតហេតុជនសង្ស័យឈ្មោះ ខេង ឡា បានជិះម៉ូតូទៅដឹកជនសង្ស័យឈ្មោះ ហ៊ាប ធី នៅតាមផ្លូវ ហើយបានជិះទៅកន្លែងកើតហេតុរង់ចាំជនរងគ្រោះមានឈ្មោះ សោ សុជាតិ ហៅជ័រ ភេទប្រុស អាយុ ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរពេទ្យសត្វ និងម៉ៅផ្លៃស្វាយ មានលំនៅភូមិពោធិរៀងត្បូង ឃុំពោធិរៀង ស្រុកពោធិរៀង ខេត្តព្រៃវែង លុះដល់រសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ ជនសង្ស័យ ឈ្មោះ ខេង ឡា បានទូរស័ព្ទហៅជនរងគ្រោះមកជួបគ្នា ដោយ បញ្ឆោតឲ្យជនរងគ្រោះ មកជួយមើលទិញដីចម្ការស្វាយមួយកន្លែង ដោយបានជិះម៉ូតូមួយគ្រឿងចេញពីផ្ទះនៅស្រុកពោធិរៀង ខេត្តព្រៃវែង មកយកជនសង្ស័យជាឃាតករនៅតាមផ្លូវ រួចចេញដំណើរមកចាំនៅចំណុចកើតហេតុមុន។ មួយសន្ទុះក្រោយមក នៅវេលាមុនពេលកើតហេតុបន្តិច ជនសង្ស័យ (ហ៊ាប ធី) និងជនរងគ្រោះក៏បានជួបគ្នា ហើយនៅពេលដែលជរងគ្រោះ កំពុងឈរនិយាយភ្លេចខ្លួន ជនសង្ស័យជាឃាតករ ក៏បានទាញអាវុធខ្លីម៉ាក K59 (ប្រើគ្រាប់ឡុកឆ្នៃ) បាញ់ចំក្បាលជនរងគ្រោះមួយគ្រាប់ពីក្រោយ មួយគ្រាប់ បណ្តាលឲ្យជនរងគ្រោះដួលផ្កាប់មុខស្លាប់ភ្លាមៗ បន្ទាប់មកជនសង្ស័យក៏យកម៉ូតូជនរងគ្រោះជិះគេចខ្លួនទៅខេត្តសៀមរាបបាត់ស្រមោលតែម្តង។