You are currently viewing ឧត្តមសេនីយ៍ឯក ទៀវ ប៊ុនខេង បើកកិច្ចប្រជុំផ្សព្វផ្សាយអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន

ឧត្តមសេនីយ៍ឯក ទៀវ ប៊ុនខេង បើកកិច្ចប្រជុំផ្សព្វផ្សាយអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅសាលប្រជុំស្នងការ ស្នងការដ្ឋានបច្ចេកទេស (ឡុងឈិន)។ លោកឧត្តមសេនីយ៍ឯក ទៀវ ប៊ុនខេង មេបញ្ជាការរង ទទួលការងារផែនបច្ចេកទេស កងរាជអាវុធហត្ថលើផ្ទៃប្រទេសតំណាងដ៏ខ្ពង់ខ្ពស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាពក្នុងពិធីផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រប្រចាំឆមាសទី២ ឆ្នាំ២០១៧។ ព្រមទាំងបានចាក់ផ្សាយប្រសាសន៍ទំាងស្រុង របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលនៃទំនាក់ទំនងកិច្ចសន្ទនាអាស៊ាន សហរដ្ឋអាមេរិក នៅទីក្រុងម៉ានីលសាធារណរដ្ឋហ្វីលីពីន។ ដោយមានការចូលរួមពីសំណាក់ លោកស្នងការ ស្នងការរង នាយ នាយរងការិយាល័យ នាយផ្នែកនិងនាយទាហាន ពលទាហាន ចំណុះស្នងការដ្ឋានផែនបច្ចេកទេសជាច្រើនរូបទៀត។ ឧត្តមសេនីយ៍ឯក ទៀវ ប៊ុនខេង បានលើកឡើងអំពីការពង្រឹងគោលជំហរសតិអារម្មណ៍នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថគ្រប់រូប ក្ដាប់ជាប់នូវការវិវត្តន៍នៃសភាពការណ៍ ថ្មីៗ និងបញ្ហាសន្ដិសុខលើសកលលោក ឱ្យយល់ជ្រួតជ្រាប នូវតួនាទីភារកិច្ច និងបេសកកម្មក្នុងការបម្រើជាតិមាតុភូមិ និងប្រជាពលរដ្ឋប្រកបដោយមនសិកាស្នេហាជាតិ មានឆន្ទះមោះមុត ស្មោះត្រង់ដាច់ខាត ចំពោះជាតិសាសនាព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល។

ជាមួយនោះផងដែរ! លោកឧត្តមសេនីយ៍ឯក ក៏បានបញ្ជាក់ច្បាស់អំពីរូបភាពបដិវត្តន៍ពណ៌ ដែលពួកក្បត់ជាតិបានប្រើប្រាស់បដិវត្តន៍ពណ៌ ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ហើយគេកំពុងតែធ្វើឱ្យខ្មែរនិងខ្មែរ ឈ្លោះគ្នា ។ដូចយើងបានឃើញហើយនៅតាមបណ្តាប្រទេសជាច្រើន បានប្រើបដិវត្តន៍ពណ៌ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកំពុងកើតមានសង្គ្រាមបង្ហូរឈាមគ្នាការបាក់បែកជាតិសាសន៍ សាសនា និងបង្កើតឱ្យមានភេរវកម្មបណ្តាលឱ្យមនុស្សស្លាប់រាប់ម៉ឺននាក់។ ដូច្នេះយើងត្រូវតែចូលរួមរក្សាការពារដំណើរការបោះឆ្នោតគ្រប់ដំណាក់កាល ដើម្បីឱ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ជាពិសេសកងកម្លាំងអាវុធហត្ថត្រូវតែគោរពច្បាប់បោះឆ្នោត និងប្រកាន់ភ្ជាប់ក្រមសីលធម៌នៃដំណើរការបោះឆ្នោត។ ជាចុងក្រោយលោកឧត្តមសេនីយ៍ បានផ្តាំផ្ញើដល់នាយទាហាននៃកងរាជអាវុធហត្ថទាំងអស់ ឱ្យយល់ជ្រូលជ្រាបអំពីកិច្ចការងាររបស់យើងដែលត្រូវទទួលខុសត្រូវ ហើយមើលឱ្យឃើញអំពីព្រឹត្តិការថ្មីៗ និងអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតនូវបទបញ្ជារបស់មេបញ្ជាការ របស់រាជរដ្ឋាភិបាល ហើយការពារឱ្យបានរដ្ឋាភិបាលស្របច្បាប់ ទោះបីនៅក្នុងតម្លៃណាក៏ដោយ ប្តេជ្ញាចិត្តមិនឱ្យបដិវត្តព៌ណ មាននៅក្នុងប្រទេសកម្ពុជាយើងបានជាដាច់ខាត៕