បន្ទាយមានជ័យៈ នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញកងរាជអាវុធហត្ថឆមាសទី២ ប្រចាំឆ្នាំ២០១៧ ក្រោមអធិបតីភាព លោកវរសេនីយ៍ឯក បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការ មេបញ្ជាការរង មូលដ្ឋានក្រុង ស្រុក ស្នាក់ការសន្តិសុខ និងសិក្ខាកាមចំនួន៧២នាក់ផងដែរ។ ក្នុងឱកាសនោះដែរ លោកមេបញ្ជាការបានមានប្រសាសន៍ថា ការហ្វឹកហ្វឺនរៀនសូត្រគឺ ជាមូលដ្ឋានគ្រឹះ ដើម្បីលើកកម្ពស់សមត្ថភាព លើកកម្ពស់កាយល់ដឹង ពិសេសការងារជំនាញ ដែលនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ ចាំបាច់ត្រូវតែខិតខំដើម្បីបំពេញនិងអនុវត្តន៍នូវតួនាទី ភារកិច្ច របស់ខ្លួនឲ្យកាន់តែមានភាពល្អប្រសើរ និងទទួលបានលទ្ធផលខ្ពស់។
ជាទីបញ្ចប់ លោកមេបញ្ជាការបានមានប្រសាសន៍ផ្ដាំផ្ញើដល់សិក្ខាកាម នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថទាំងអស់ ត្រូវយកចំណេះដឹងទាំងអស់នេះទៅប្រើប្រាស់ឲ្យចំគោលដៅ និងរក្សាឲ្យបាននូវសន្តិសុខ សណ្ដាប់ធ្នាប់សង្គម ការពាររដ្ឋាភិបាលស្របច្បាប់ដែលកើតឡើងចេញពីការបោះឆ្នោត, ការពាររដ្ឋធម្មនុញ្ញ និងការពារព្រះមហាក្សត្រ ព្រមទាំងប្រឆាំងគ្រប់ឧបាយកល និងគ្រប់សកម្មភាព ការធ្វើបដិវត្តពណ៌ក្នុងកាលៈទេសៈណាក៏ដោយ។
លោកមេបញ្ជាការ ក៏បានដាក់បទបញ្ជាដល់កម្លាំងទាំងអស់ត្រូវក្ដាប់សភាពការណ៍នៅតាមមូលដ្ឋានឈរជើងរបស់ខ្លួនបើមានសភាពការណ៍មិនប្រក្រតី មិនអនុញ្ញាតិឲ្យមានការប្រមូលផ្ដុំ បង្កើតបាតុកម្ម ត្រូវមានវិធានការទប់ស្កាត់មិនឲ្យកើតមានឡើយ។ លោកមេបញ្ជាការបានបញ្ជាក់ទៀតថា កម្លាំងអាវុធហត្ថទាំងអស់ត្រូវមានវិន័យ មានឆន្ទៈច្បាស់លាស់ និងគោរពបទបញ្ជាថ្នាក់ដឹកនាំរបស់យើងគឺ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏ដូចបទបញ្ជារបស់រាជរដ្ឋាភិបាលផងដែរ។ ក្នុងឱកាសនោះផងដែរលោកមេបញ្ជាការបានចែកអាវរងារដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថទូទាំងខេត្ត ដែលជាអំណោយ ដ៏ថ្លៃថ្លា សម្ដេចអគ្គមហាសេនាធិបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនផងដែរ៕