ព្រៃវែង៖ បន្ទាប់ពីទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ ណាំង វណ្ណី ភេទប្រុស អាយុ៥២ ឆ្នាំ មុខរបររត់ម៉ូតូឌុប រស់នៅភូមិព្រែកចង្ក្រានក្រោម ឃុំព្រែកចង្ក្រាន ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ថា៖ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ខ្លួនបានឌុបជនសង្ស័យចំនួន ០២ នាក់រហូតមកដល់ភូមិវិហារសួគ៌ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ខ្លួនបានឈប់ម៉ូតូដោយទុកសោនៅជាប់និងម៉ូតូ ហើយដើរទៅបត់ជើងតូច បន្ទាប់មកជនសង្ស័យពីរនាក់ មានធ្វើសកម្មភាពលួចម៉ូតូរបស់គាត់យកទៅបាត់ស្រមោលតែម្តង។ បន្ទាប់ពីទទួលបានពាក្យណ្តឹងភ្លាម និងដោយមានបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង។ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ កម្លាំងមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្ត សហការជាមួយមូលដ្ឋានកងរាជអាវុធហត្ថស្រុកស៊ីធរកណ្តាល បានចុះស្រាវជ្រាវ និងឃាត់ខ្លួនបានជនសង្ស័យម្នាក់ ឈ្មោះ តំ តូ ភេទប្រុសអាយុ ១៧ ឆ្នាំ រស់នៅភូមិឈើទាល ឃុំព្រៃទឹង ស្រុកស៊ីធកណ្ដាល ខេត្តព្រៃវែង។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានមន្ត្រីជំនាញកំពុង បន្តចាត់ការតាមនីតិវិធី។