រាជធានីភ្នំពេញៈ នៅវេលាម៉ោង០៨ និង០០នាទីព្រឹក ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ នៅសាលប្រតិបត្តិការ អគារសេនាធិការដ្ឋាន បញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ឯក វង្ស ពិសេន មេបញ្ជាការរង និងជា នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំការអនុវត្តតួនាទី ភារកិច្ច ការងារកងរាជអាវុធហត្ថ ប្រចាំសប្តាហ៍ទី១ ខែធ្នូ ឆ្នាំ២០១៧។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ លោកឧត្តមសេនីយ៍ នាយរងសេនាធិការ ស្នងការ ស្នងការរង នាយកសាលាទាំង២ មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ នាយការិយាល័យ មេបញ្ជាការ វរកងអន្តរាគមន៍ ចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងនាយអាវុធហត្ថ ដែលមានការពាក់ព័ន្ធសរុបចំនួន ៧២នាក់។
លោកឧត្តមសេនីយ៍ឯក វង្ស ពិសេន ក៏បានធ្វើការផ្សព្វផ្សាយនូវសភាពការណ៍ជាតិ និងអន្តរជាតិ ថ្មីៗ ដែលកើតមានឡើង និងបានធ្វើការវាយតម្លៃ កោតសរសើរទៅដល់សម្ថកិច្ចដែលពាក់ព័ន្ធក្នុងកិច្ចការងារ ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ សាធារណៈ និងការងារបង្ក្រាបបទល្មើសផ្សេងៗ និងបានធ្វើការសង្កត់ធ្ងន់ទៅលើការងារ រៀបចំផែនការ ការពារធានាសន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់ ជូនថ្នាក់ដឹកនាំ នៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងអញ្ជើញចូលរួម ក្នុងពិធីបួងសួង សុំសេចក្តីសុខ ដល់ព្រះរាជាណាចក្រកម្ពុជា នៅមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប និងបានប្រគល់ភារកិច្ច ការងារត្រៀមរៀបចំ ក្នុងពិធីប្រកួតកីឡាកងទ័ព ទិវាជ័យជំនះ៧មករា និងការសម្ពោធដាក់អោយប្រើប្រាស់ នូវអគារចារកម្ម នាពេលខាងមុខផងដែរ។