កណ្តាល៖ កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល បង្រា្កបករណីលួចដោយមានស្ថានទំងន់ទោស កាលពីវេលាម៉ោង ០០ និង ៤១នាទី រំលងអធ្រាត្រឈានចូលថ្ងៃទីព្រហស្បតិ៍ ១៣រោច ខែកក្តិក ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនិងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ មានករណីលួចដោយមានស្ថានទម្ងន់ទោស (លួចខោខ្លី) មួយកើតឡើង នៅចំណុចក្នុងរោងចក្រ “ដាលី” ស្ថិតក្នុងភូមិត្រពាំងរាំង ឃុំព្រៃពួច ដែលបង្កឡើងដោយជនសង្ស័យមានគ្នាច្រើននាក់ មិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពឡើងគាស់ដំបូលរោងចក្រ ចូលទៅខាងក្នុងលួចយកឥវ៉ាន់ (ខោខ្លី) ដែលទុកក្នុងស្តុកអស់ជាច្រើន។
ហើយនៅថ្ងៃព្រហស្បតិ៍ ០៥កើត ខែមិគសិរ ត្រូវនិងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ខាងរោងចក្របានធ្វើការត្រួតពិនិត្យឃើញមានបាត់ខោជាច្រើន ក៏បានដាក់ពាក្យបណ្តឹងមកមូលដ្នានកងរាជអាវុធហត្ថស្រុកអង្គស្នួលតែម្តង។ ដើមបណ្តឹងឈ្មោះ អេណា (Ana) ភេទស្រី អាយុ ៣៦ ឆ្នាំ ជនជាតិចិន ជាបុគ្គលិក និងជាតំណាងរោងចក្រ។ ក្រោយទទួលបានពាក្យបណ្តឹង កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត និងស្រុក ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត
លោកវរសេនីយ៍ឯក ទូច អ៊ីណាន មេបញ្ជាការរងទទួលផែនយុត្តិធម៌ និងមានការសម្របសម្រួលនីតិវិធីពីលោក លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាលផងនោះ កម្លាំងជំនាញបានធ្វើការស៊ើបអង្កេតស្រាវជ្រាវ រហូតឈានដល់កំណត់មុខសញ្ញាបាន និងចាប់ឃាត់បានជនសង្ស័យម្នាក់ នៅថ្ងៃអាទិត្យ ០៨កើត ខែឆ្នាំដដែល និងបន្តស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យចំនួន ០៤ នាក់បន្ថែមទៀត ជាបន្តបន្ទាប់ យកមកអង្គភាពធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី។
ជនសង្ស័យទាំង ០៥ នាក់រួមមាន៖
១-ឈ្មោះ ទុំ ចាន់នី ភេទប្រុស អាយុ ៣៦ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិត្រពាំងកន្ទួត ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
២-ឈ្មោះ ផន ចាន់ថន ភេទប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិឃុំកើតហេតុខាងលើ។
៣-ឈ្មោះ អោម វណ្ណដេត ភេទប្រុស អាយុ ៤៥ ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅក្នុងរោងចក្រកើតហេតុខាងលើ។
៤-ឈ្មោះ ដួង ដារិទ្ទ ភេទប្រុស អាយុ ៤០ ឆ្នាំ មានទីលំនៅភូមិ ឃុំកើតហេតុខាងលើ។
៥-ឈ្មោះ សាន សាត ភេទប្រុស អាយុ ៣៨ ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិព្រៃទទឹង ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល អ្នកទាំង ០៥ នាក់ គឺជាសន្តិសុខឯកជន យាមក្នុងគោលដៅរោងចក្រកើតហេតុ។
ទ្រព្យសម្បត្តិបាត់បង់រូមមាន៖
១-ខោទ្រនាប់បុរស ពណ៌លឿង ចំនួន ១៧.៨០០ ខោ។
វត្ថុតាងចាប់យករួមមាន៖
១-ខោទ្រនាប់បុរសពណ៌លឿង ចំនួន ០២ ខោ (បន្សល់ទុកនៅកន្លែងកើតហេតុ)។
សង្ស័យទាំង ០៥ នាក់ និងវត្ថុតាង មន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿងបញជូនទៅសាលាដំបូងខេត្តកណ្តាលនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ ២០១៧ ។