ភ្នំពេញ៖ ក្រោមការណែនាំ ក្រើនរំលឹកជាប្រចាំរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ លោកវរសេនីយ៍ទោ ហ៊ុន សុងពោ ជំនួយការលោក លោកឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខលោក នាយចំណង់ ស៊ុំ សុភក្រ័ សមាជិកអង្គភាពសន្តិសុខ ដែលកើតជំងឺ រលាកលំពែង និងដុះសាច់ក្នុងពោះវៀន ដែលមានសភាពធ្ងន់ធ្ងរ កំពុងសម្រាកព្យាបាលនៅគេហដ្ឋាន ផ្លូវក្រោយផ្សារក្រមួន ផ្ទះលេខ ៣៣ ភូមិ រកា៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ លោកវរសេនីយ៍ទោ ហ៊ុន សុងពោ បានពាំនាំការសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំអាវុធហត្ថគ្រប់លំដាប់ថ្នាក់ ឱ្យថែរក្សាសុខភាព ដោយគោរពតាមវីជ្ជបញ្ជា ក្នុងនោះក៏បានពាំនាំនូវគ្រឿងឧបភោគបរិភោគមាន អង្ករ ១០០ គីឡូក្រាម, ទឹកត្រី ០២ យួរ ទឹកស៊ីអ៊ីវ ០២ យួរ ទឹកសុទ្ធ ០២កេះ ទឹកដោះគោឆៅ ៩២កំប៉ុង និងថវិកា ៧.០៤០.០០០៛ ដើម្បីជួយសម្រាលលើជីវភាព និងចំណាយលើថ្នាំព្យាបាលបានមួយកំរិត។ ម្តាយ និងឪពុករបស់លោក ស៊ុំ សុភ័ក្រ មានក្តីរំភើប ដោយបានឃើញក្រុមការងារដែលកន្លងមកមានមិត្តភក្ររួមអង្គភាពបានមកសួរសុខទុក្ខជាហូរហែរ ហើយថ្ងៃនេះវត្តមានរបស់តំណាងថ្នាក់ដឹកនាំចុះមកផ្ទាល់ គាត់បានផ្តាំផ្ញើនូវការថ្លែងអំណគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់ ការគោរពស្រឡាញ់ថ្នាក់ក្រោម និងបានជូនពរ សូមទេវតាតាមថែរក្សា ការពារ សូមឱ្យមានសុខភាពល្អ មានសុភមង្គលក្នុងក្រុមគ្រួសារ និងបានសម្រេចគ្រប់ភារកិច្ចការងារ។