កណ្តាល៖ ថ្ងៃសៅរ៍ ១៣កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧ លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល អនុប្រធានសមាគមអតីតយុទ្ធជន បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ផ្ទះ ១ខ្នងទំហំ ៥ម៉ែត្រ គុណនឹង ៨ម៉ែត្រ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងបាននាំយកថវិការ គ្រឿងបរិភោគ ឧបភោគមួយចំនួន ជូនដល់លោក កង ភួន ជាអតីតយុទ្ធជន ព្រមទាំងក្រុមគ្រួសារ និងសមាជិកអតីតយុទ្ធជនចំនួន ១៥នាក់ផ្សេងទៀតស្ថិតក្នុងភូមិត្នោតញី ឃុំខ្ពប ស្រុកស្អាង ។ អញ្ជើញចូលរួមអមដំណើរក្នុងឱកាសនោះរួមមាន លោក មេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ នាយ នាយរងកងរាជអាវុធហត្ថខេត្តស្រុក មេបញ្ជាការរងសឹករងខេត្ត ស្នងការរងខេត្ត និងអាជ្ញាធរដែនដីផងដែរ។ ក្នុងថ្ងៃដដែលនោះលោកឧត្តមសេនីយ៍ត្រី ព្រមទាំងក្រុមការងារបានបន្តចុះសួរសុខទុក្ខ និងយកអំណោយជូនដល់អតីតគ្រូបង្រៀន ប្រជាពលរដ្ឋ និង នាយ នាយរងទាហ៊ាននៃកងរាជអាវុធហត្ថ ដែលជួបការលំបាកខ្វះខាតរួមមានៈ
១.គ្រួសារឈ្មោះ អ៊ុក សែម អតីតព្រឹទ្ធាចារ្យគ្រូបង្រៀនបីជំនាន់ ភេទប្រុស អាយុ ៨៨ឆ្នាំ រស់នៅភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ដោយបច្ចុប្បន្នលោកគ្រូកំពុងមានជំងឺសម្រាកនៅផ្ទះជាមួយកូន។
២.គ្រួសារឈ្មោះ នួន ផាណា ដែលមានជីវភាពខ្វះខាត ជួបការលំបាកមានកូន ០៥នាក់ និង ចៅ៧នាក់ រស់នៅភូមិស្តៅកន្លែងពី ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
៣.គ្រួសារអនុសេនីយ៍ទោ ជា សំអឿន កម្លាំងកងវរអន្តរាគមន៍ រស់នៅភូមិដីឥដ្ឋ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
៤.ព្រឹន្ទបាលឯក ស៊ិន ស៊ីថៃ រស់នៅភូមិបឹងកណ្តាល ឃុំខ្ពបបាទៀវ ស្រុកលើកដែកខេត្តកណ្តាល។
ថវិកាចំណាយអស់ជាង ១០លានរៀល ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មី ពីសំណាក់លោក ឧត្តមសេនីយ៍ សៅ សុខា ដល់កងកម្លាំង ប្រជាពលរដ្ឋ អតីតគ្រូបង្រៀន ទាំងអស់។ ក្រុមគ្រួសារអតីតសមាគមយុទ្ធជន អតីតព្រឹទ្ធាចារ្យគ្រូបង្រៀនបីជំនាន់ ប្រជាពលរដ្ឋនិង នាយ នាយរងទាហ៊ាន នៃកងរាជអាវុធហត្ថ ទាំងអស់ មានសេចក្តីត្រេកអរយ៉ាងខ្លាំង និងបានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅជូនសម្តេច ហ៊ុន សែន និង សម្តេចកិត្តិព្រិទ្ធបណ្ឌិត ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ សូមឱ្យមានសុខភាពល្អ ដើម្បីបន្តដឹកនាំប្រទេសជាតិឱ្យកានតែរីកចំរើន និងមានសុខសន្តិភាពដែលជាសេចក្តីប៉ងប្រាថ្នារបស់ប្រជាពលរដ្ឋគ្រប់ៗរូប ។