រាជធានីភ្នំពេញៈ នៅល្ងាចថ្ងៃពុធ ២រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៣ ខែមករា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ទោ ឌៀប វណ្ឌី នាយរងសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកវរសេនីយ៍ត្រី ម៉ាន់ ដាវីត នាយរងការិយាល័យ ទំនាក់ទំនងសាធារណៈ និងជាអ្នកសម្របសម្រួល មូលនិធិ មហាគ្រួសារ កងរាជអាវុធហត្ថ និងក្រុមការងារអង្គភាពសន្តិសុខ កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងដ៍ខ្ពង់ខ្ពស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បាននាំយកថវិការបស់មូលនិធិ មហាគ្រួសារ កងរាជអាវុធហត្ថ ទៅជូនក្រុមគ្រួសារសព លោកនាយចំណង់ ស៊ុំ សុភ័ក្ត្រ ជំនួយការ អង្គភាពសន្តិសុខ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានទទួល មរណភាព កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ ក្នុងជន្មាយុ៣៨ឆ្នាំ ដោយរោគគារពាធ ស្ថិតនៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ត្រី ម៉ាន់ ដាវីត អ្នកសម្របសម្រួល មូលនិធិ មហាគ្រួសារ កងរាជអាវុធហត្ថ បានឪ្យដឹងថា បច្ច័យមូលនិធិ ដែលត្រូវបានយកទៅនេះ មានចំនួនប្រមាណជិត៥០លានរៀល ដែលបានមកពីការបរិច្ចាកដោយស្ម័គ្រចិត្ត របស់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដែលជានាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថទាំងអស់ ដែលបានចូលរួមបរិច្ចាកថវិកាផ្ទាល់ខ្លួន ក្នុងនោះដែរ ថវិកា ចំនួន៥លានរៀល គឺជាថវិកាផ្ទាល់ របស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា។
ទាំងនេះសបញ្ជាក់អោយឃើញពីការយកចិត្តទុកដាក់អំពីសុខទុក្ខបងប្អូនក្រោមឪវាត របស់ ថ្នាក់ដឹកនាំ កងរាជអាវុធហត្ថ ដែលមាន លោកនាយឧត្តមសេនីយ៍ សៅ សុខា ជាមេបញ្ជាការ។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ឌៀប វណ្ឌី ក៏បានពាំនាំនូវការសួរសុខទុក្ខ និងការចូលរួមរំលែកទុក្ខពីចម្ងាយ ពីសំណាក់ លោកនាយឧត្តមសេនីយ៍ សៅ សុខា និងបានផ្តាំផ្ញើដល់ក្រុមគ្រួសារសព ត្រូវបន្តខិតខំថែរក្សាក្រុមគ្រួសារអោយបានល្អ បើទោះបីជាការបាត់បង់ លោកនាយចំណង់ ស៊ុំ សុភ័ក្ត្រ ដែលជា ឱ បងដ៏ល្អ ប្អូនដ៏ល្អ កូនដ៏ល្អ សំរាប់ក្រុមគ្រួសារ យ៉ាងណាក៏ដោយ ក្រុមគ្រួសារត្រូវបន្តកម្លាំងចិត្តដើរទៅមុខ ដើរទៅលើផ្លូវមួយដែលល្អ និងត្រឹមត្រូវ ដើម្បីអនាគតក្រុមគ្រួសារទាំងមូល។