បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបង្ហាញមុខសញ្ញាជនសង្ស័យជួញដូរថ្នាំញៀនដ៏ធំ និងបក្សពួក ដែលកម្លាំងជំនាញទើបតែបង្ក្រាបាន កាលពីថ្ងៃទី១៣ និងថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨។
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអោយដឹងថា ៖ ក្រោមការស៊ើបអង្កេតជាច្រើនខែ នូវមុខសញ្ញាជនជួញដូរខាងលើ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត ក្រោមបទបញ្ជារបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងក្រោមការសម្របសម្រួលពីលោក មាស ចាន់ពិសិដ្ឋ ព្រះរាជអាជ្ញាអមអយ្យការសាលាដំបូងខេត្ត បានចាប់និងឃាត់ខ្លួនបក្សពួក នឹងមុខសញ្ញាជួញដូរ នៅពីរទីតាំងផ្សេងគ្នា ។ នៅល្ងាចថ្ងៃទី១៣ ខែមករា វេលាម៉ោង ០៤និង០០នាទី កម្លាំងអាវុធហត្ថ បានសម្រុកចូលទីតាំងបន្ទប់ជួលមួយកន្លែង ក្នុងបរិវេណកាស៊ីណូក្រុមហ៊ុនអានកូស្ថិតក្នុងភូមិក្បាលស្ពាន១សង្កាត់ និងក្រុងប៉ោយប៉ែត ឃាត់ខ្លួនបក្សពួក ០៤នាក់ យកមកសាកសួរនៅទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ។ បន្ទាប់ពីបានចម្លើយសារភាពពីកន្លែងលាក់ខ្លួនរបស់មេក្លោងហើយ នៅល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ កម្លាំងជំនាញបានឡោមពទ្ធ័នឹងឃាត់ខ្លួនមេក្លោងប្រុស/ស្រី ០២នាក់ប្តីប្រពន្ធ នឹងបានរឹបអូសវត្ថុតាងជាច្រើន។
លោកឧត្តមសេនីយ៍ បោន ប៊ិន បានបញ្ជាក់ថា ចំពោះមេក្លោងគ្រឿងញៀនដែលកម្លាំងជំនាញអាវុធហត្ថ ធ្វើការឃាត់ខ្លួនបានមានឈ្មោះ លី លាងគង់ ភេទប្រុស អាយុ៣៥ឆ្នាំ ប្រពន្ធ ឈ្មោះ វុន សុភាព អាយុ២៨ឆ្នាំ ។វត្ថុតាងដែលរឹបអូសបានមាន កញ្ឆាស្ងួត ០៤ថង់ ទម្ងន់៥៥២១.៣ក្រាម គ្រឿងញៀនមេតំហ្វេតាមីនទឹកកកចំនួន ០៧ថង់កិប ទម្ងន់ ២៥០.៨ក្រាម គ្រឿងញៀនអិចស្តាស៊ីចំនួន ៥៩៤គ្រាប់ និង ០៥ថង់កិប ទម្ងន់១៧៧.៧ក្រាម ថ្នាំជក់ចំនួន ០១ថង់កិប ទម្ងន់២៤.៦ក្រាម។ ក្នុងនោះបានដកហូតអាវុធខ្លី ០២ដើម គ្រាប់កាំភ្លើងម៉ាកបារ៉ែតាតូចចំនួន ៥០គ្រាប់ គ្រាប់ម៉ាកកាលីឌូ ២៥គ្រាប់ គ្រាប់ថ្នាំរាងមូលទ្រវែងសលឿង ០២គ្រាប់ ទឹកសច្រកដបរុំស្គុត ០២ដប ជញ្ជើងសម្រាប់ថ្លឹងមួយ គ្រឿងឧបករណ៍ជក់ស៊ីហ្សា ០១ និងទឹកថ្នាំស៊ីហ្សា ០៤ដប ឧបករណ៍មូរបារីកញ្ឆា ០៣ គ្រាប់កាំភ្លើងខ្លី ១៣គ្រាប់ ស្រោមកាំភ្លើង០៤ ព្រមទាំងរថយន្តមួយគ្រឿង។ លោកក៏បានបញ្ជាក់បន្ថែមទៀតថាចំពោះមេក្លោងឈ្មោះ លី លាងគង់ នេះគឺជាមុខសញ្ញាចាស់ដែលធ្លាប់ជាប់ពន្ធនាគារ ០៣លើករួចមកហើយ តែបុគ្គលនេះ ហាក់មិនមានការរាងចាល និងហ៊ានប្រព្រឹត្តអំពើជួញដូរគ្រឿងញៀនជាលក្ខណៈទ្រង់ទ្រាយធំថែមទៀត។
លោក មាស ចាន់ពិសិដ្ឋ ព្រះរាជអាជ្ញាអមអយ្យការសាលាដំបូងបានថ្លែងនូវការកោតសរសើរចំពោះស្នាដៃរបស់លោកមេបញ្ជាការ លោក បោន ប៊ិន ព្រមទាំងមន្ត្រីអាវុធហត្ថទាំងអស់ដែលបង្ក្រាបបានមេក្លោងគ្រឿងញៀនដ៏ធំ ដែលកំពុងលាក់ខ្លួនជួញដូរយ៉ាងសកម្មក្នុងក្រុងប៉ោយប៉ែត។ លោកបន្តថា ៖ ថ្វីត្បិតតែការបង្ក្រានេះវាមិនអាចអស់ តែលោកសង្ឃឹមថាការចាប់ខ្លួនមេក្លោង ០២នាក់ ប្តី/ប្រពន្ធនេះ អាចនឹងធ្វើអោយមេក្លោងផ្សេងទៀតមានការខ្លាចរអា មិនហ៊ានប្រព្រឹត្តនៅក្នុងក្រុងប៉ោយប៉ែតទៀតទេ ពិសេសសង្ឃឹមថាអាចនឹងមានការថមថយចុះ។ ជាមួយនោះលោកព្រះរាជអាជ្ញាក៏បានជំរុញបន្ថែមអោយអាវុធហត្ថខេត្តខិតខំបន្ថែមទៀត ធ្វើយ៉ាងណាឱ្យមូលដ្ឋានយើងមានការថយចុះ និងឈានដល់គ្មានគ្រឿងញៀននាពេលអនាគត។