You are currently viewing កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បញ្ជូនខ្លួនជនសង្ស័យ ករណីឃាតកម្មទៅតុលាការ

កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បញ្ជូនខ្លួនជនសង្ស័យ ករណីឃាតកម្មទៅតុលាការ

បាត់ដំបង៖ កម្លាំងកងរាជអាវុធហត្ថ ខេត្តបាត់ដំបង សហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង កម្លាំងកងរាជអាវុធហត្ថរាជធានី ភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ នៅចំណុចផ្ទះលេខ ១២B ផ្លូវ ៣៣៦ សង្កាត់ ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ ពាក់ព័ន្ធករណីឃាតកម្ម នៅស្រុកមោងឬស្សី កាលពីថ្ងៃទី ០៩ ខែ មករា ឆ្នាំ ២០១៨ ។

ជនសង្ស័យរួមមាន៖

១.ឈ្មោះ ជីប ធឺន ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិគារ៣ ឃុំគារ ស្រុក មោងឬស្សី ខេត្តបាត់ដំបង ។

២.ឈ្មោះ សាយ សឹង្ហ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្ត បាត់ដំបង ។

៣.ឈ្មោះ វង្ស វី ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិរាមគន់ ឃុំគារ ស្រុកមោងឬស្សី ខេត្តបាត់ដំបង ។

សូមបញ្ជាក់ថាៈ នៅវេលាម៉ោង ២០ និង១៤ នាទី ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨ នៅភូមិរាមគន់ ឃុំគារ ស្រុកមោងឬស្សី ខេត្តបាត់ដំបង  មានករណីឃាតកម្មមួយកើតឡើងបង្ករដោយជនល្មើសមិនស្គាល់សាវតាមួយក្រុម ដែលមានគ្នាចាប់ពី ៥ទៅ ៧នាក់ ប្រដាប់ដោយដាវសាំមូរ៉ៃ, កាំបិតប៉័ងតោ, កាំបិតខ្វែវ និង ចបជីកដងដែក បានធ្វើសកម្មភាពវាយ និងកាប់ទៅលើដៃគូទំនាស់មួយក្រុមផ្សេងទៀតដែលមានគ្នា ៥ នាក់ បណ្តាលឱ្យជនរងគ្រោះឈ្មោះ ណែម ភា ភេទប្រុស អាយុ ២៧ឆ្នាំ មុខបរ កម្មករ រស់នៅភូមិជ្រៃ ឃុំជ្រៃ ស្រុកមោងឬស្សី ខេត្តបាត់ដំបង ស្លាប់នៅនឹងកន្លែងកើតហេតុ (ជនរងគ្រោះត្រូវជនល្មើស យកចបជីបដងដែកវាយចំក្បាល) និងជនរងគ្រោះ ០២នាក់ផ្សេងទៀតរងរបួស ១- ឈ្មោះ ទៀប ភន ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិជ្រៃ ឃុំជ្រៃ ស្រុកមោងឬស្សី ខេត្តបាត់ដំបង និង ២-ឈ្មោះ មឿត រឿប ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិពោធិ៍១ ឃុំគារ ស្រុកមោងឬស្សី ខេត្តបាត់ដំបង។

ក្រោយកើតហេតុកម្លាំងជំនាញកងរាជអាវុធហត្ថបានធ្វើការស្រាវជ្រាវ រហូតឈានដល់ការចាប់ខ្លួនជនសង្ស័យបានតែម្តង។

បច្ចុប្បន្នជនសង្ស័យ និង វត្ថុតាងត្រូវបានមន្ត្រីជំនាញ កងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿងបញ្ចូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី ។