កំពង់ស្ពឺ៖ ឈើធ្នុងមួយរថយន្តដំរីទឹកច្នៃដែលឈ្មួញប្រមូលទិញពី ស្រុកវាលវែង និងស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ រួចហើយនាំឆ្លងចូលមកខេត្តកំពង់ស្ពឺ តាមស្រុកឱរ៉ាល់ ដើម្បីនាំយកទៅលក់ បន្តតាមច្រកនានា ត្រូវបានកម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ សហការជាមួយអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឱរ៉ាល់ បង្ក្រាបបាននៅព្រឹកថ្ងៃអាទិត្យទី២១ ខែមករា ឆ្នាំ២០១៨ នេះ នៅចំណុចព្រំប្រទល់ខេត្ត។លោកវរសេនីយ៍ទោ សោម ពុទ្ធតារា មេបញ្ជាការកងរាជអាវុធហត្ថស្រុកឱរ៉ាល់ បានឲ្យដឹងថា ដោយមានការណែនាំ និងបញ្ជាពីលោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឱរ៉ាល់ បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចុះបង្ក្រាបរថយន្តដឹកឈើខាងលើនេះ នៅចំណុចក្នុងព្រៃបឹងខ្លុង ឃុំលន្ត្រែ ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ ក្នុងនោះឃាត់ខ្លួនជនសង្ស័យបានចំនួន ០៤នាក់ និងរថយន្តកែច្នៃដឹកឈើធ្នង់ ចំនួន១គ្រឿង ផ្ទុកឈើធ្នង់ពេញ និងដកហូតម៉ូតូចំនួន ០១គ្រឿងផងដែរ។ ជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ ប្រគល់ឱ្យផ្នែករដ្ឋបាលព្រៃឈើកំពង់ស្ពឺ ដើម្បីចាត់ការបន្ត។
កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឱរ៉ាល់ បង្ក្រាបរថយន្តដឹកឈើធ្នង់ ដឹកចេញពីពោធិ៍សាត់ចូលមកកំពង់ស្ពឺ
- Post author:Sery Vutha
- Post published:January 21, 2018
- Post category:ប្រតិបត្តិការ / ប្រតិបត្តិការបង្រ្កាប