You are currently viewing សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផល ការងារកងរាជអាវុធហត្ថឆ្នាំ២០១៧ និងទិសដៅការងារឆ្នាំ២០១៨

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផល ការងារកងរាជអាវុធហត្ថឆ្នាំ២០១៧ និងទិសដៅការងារឆ្នាំ២០១៨

ព្រឹកថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានប្រារព្ធពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារ កងរាជអាវុធហត្ថប្រចាំឆ្នាំ២០១៧ និងទិសដៅឆ្នាំ២០១៨ ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងពិធីនោះក៏មានវត្តមានលោកឧត្តមសេនីយ៍មកពីក្រសួងការពារជាតិ, ក្រសួងមហាផ្ទៃ, អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ, ព្រះរាជអជ្ញា, តុលាការ, ស្ថាប័នស៊ីវិល, លោកមេបញ្ជាការ កងរាជអាវុធហត្ថរាជធានី.ខេត្ត និងនាយអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត។ លោកនាយឧត្តមសេនីយ៍ សៅ សុខា បានឡើងអានមតិស្វាគមន៍ និងធ្វើសេចក្តីរាយកាណ៍ដោយសង្ខេប អំពីវឌ្ឍនភាពការងារកងរាជអាវុធហត្ថ និងសភាពការណ៍ជាតិ អន្តរជាតិក្នុងឆ្នាំ២០១៧កន្លងទៅ កងរាជអាវុធហត្ថទាំងមូលមានភាពសកម្មក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន រួមចំណែករក្សាការពារ សន្តិសុខសណ្តាប់ធ្នាប់សង្គមបានល្អ ជាពិសេសក្នុងដំណើរការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ អង្គរសង្ក្រាន ព្រះរាជពិធីបុណ្យអុំទូក បុណ្យឯករាជ្យជាតិ កំណើតកងយោធពលខេមរភូមិន្ទ គឺស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល រក្សាឱ្យបានសុខសន្តិភាពស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍន៍។ មេបញ្ជាការគ្រប់ថ្នាក់បានយកចិត្តទុកដាក់ដឹកនាំបញ្ជាជំនាញក្នុងការស្រាវជ្រាវបង្ក្រាបបទល្មើស ដែលកើតឡើងក្នុងភូមិសាស្ត្ររបស់ខ្លួន ហើយបានធ្វើការកំណែទម្រង់លើរចនាសម្ពន្ធចាត់តាំង ជំរុញការហ្វឹកហ្វឺនបណ្តុះបណ្តាលនាយទាហាននាយទាហានរងនៃកងរាជអាវុធហត្ថ ការកសាងហេដ្ឋានរចនាសម្ពន្ធ សាងសង់អគារជំរំជម្រក បន្ទាយស្នាក់នៅ ពីថ្នាក់ជាតិរហូតដល់រាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ។ បន្ទាប់មកទៀតលោកនាយឧត្តមសេនីយ៍ ក៏បានលើកទិសដៅការងារឆ្នាំ២០១៨ដូចខាងក្រោមៈ ១/.បន្តចូលរួមធ្វើការការពារសន្តិសុខរក្សាសណ្តាបធ្នាប់សាធារណៈជូនដល់គណៈប្រតិភូជាតិអន្តរជាតិកិច្ចប្រជុំពិធីសម្ភោធសមិទ្ធផលនានារបស់ព្រះមហាក្សត្រ រាជរដ្ឋាភិបាលពិធីបុណ្យផ្សេងៗ ជាពិសេសការពារដំណើរការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភាអាណត្តិទី៤ និងការបោះឆ្នោតជ្រើសតាំងដំណាងរាស្ត្រអាណត្តិទី៦។ ២/.បន្តធ្វើការស្រាវជ្រាវនិងបង្ក្រាបបទល្មើសបន្តសហការពង្រឹងការអនុវត្តច្បាប់និងបទបញ្ជា។ ៣/.បន្តធ្វើការអប់រំចិត្តសាស្ត្រដល់នាយទាហាននាយទាហានរងគ្រប់លំដាប់ថ្នាក់។ ៤/.បន្តធ្វើការហ្វឹកហ្វឺនបណ្តុះបណ្តាលនាយ.នាយរងអាវុធហត្ថគ្រប់រូបឱ្យស្គាល់និងចេះប្រើប្រាស់ស្ទាត់ជំនាញនូវឧបករណ៍សម្ភារៈមធ្យោបាយគ្រប់ប្រភេទ។ ៥/.បន្តធ្វើការសិក្សារៀបចំកែសម្រួលរចនាសម្ពនចាត់តាំងនិងបុគ្គលិកដើម្បីតម្រង់ទិសឱ្យចំជំនាញពង្រឹងប្រសិទ្ធភាពការងារ។ ៦/.បន្តយកចិត្តទុកដាក់អនុវត្តគោលនយោបាយដោះស្រាយទុក្ខលំបាក ពលីមរណៈជូននាយ នាយរងអាវុធហត្ថ។ ៧/.បន្តសាងសង់សំណង់ថ្មីរឹងមាំ និងថែទាំជួសជុលសំណង់អគារដែលមានស្រាប់។ ៨/.បន្តយកចិត្តទុកដាក់ថែទាំជួសជុលមធ្យោបាយឧបករណ៍សម្ភារៈដែលកំពុងប្រើប្រាស់ដោយស្មារតីសន្សំសំចៃ។ ៩/.បន្តយកចិត្តទុកដាក់លើកកម្ពស់ជីវភាពរស់នៅការហូបចុកអនាម័យស្លៀកពាក់ និងថែទាំសុខភាព។ ១០/.បន្តធ្វើការផ្សព្វផ្សាយព័ត៌មានជូនសាធារណៈជននូវសកម្មភាពសមិទ្ធផល និងស្នាដៃរបស់កងរាជអាវុធហត្ថដែលសម្រេចបានកន្លងមក។ ក្រោយពីបានស្ដាប់របាយការណ៍របស់មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសរួចមក សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ថា៖ តួនាទីកងរាជអាវុធហត្ថគឺបានចូលរូមចំណែកយ៉ាងសំខាន់ ដែលមិនអាចខ្វះបានដើម្បីការពារសន្តិសុខសង្គម សណ្ដាប់ធ្នាប់សាធារណៈ ដោយអនុវត្តយ៉ាងពេញលេញនូវតួនាទីភារកិច្ចជានគរបាលរដ្ឋបាល នគបាលយុត្តិធម៌ តម្រូតយោធា និងការជួយផ្ដល់កម្លាំងដល់អន្តរក្រសួងតាមការស្នើរសុំ ហើយបានអនុវត្តល្អប្រសើរនូវបេសកកម្មទាំង៣របស់ខ្លួនគឺៈ បង្ការ បង្រ្កាប និងសង្ក្រោះ លទ្ធផលដែលបាននេះគឺជាការរូមចំណែកយ៉ាងសំខាន់ប្រកបដោយស្មារតីទទួលខុសត្រូវរបស់មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថគ្រប់លំដាប់ថ្នាក់ ដោយគោរពបទបញ្ជាក្រមសីលធម៌វិជ្ជាជីវៈ និងគោរពសិទ្ធិមនុស្ស ដែលមជ្ឈដ្ឋានជាតិ អន្តរជាតិពិសេសប្រជាពលរដ្ឋ មានការគាំទ្រជឿជាក់លើបេសកកម្ម និងប្រតិបត្តិការរបស់កងរាជអាវុធហត្ថ។ ជាមួយនោះផងដែរ‌! សម្តេចពិជ័យសេនា ក៏បានផ្តាំផ្ញើដល់មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវយកចិត្តទុកដាក់ពង្រឹងសាមគ្គីផ្ទៃក្នុងកងរាជអាវុធហត្ថ នៅក្រោមឱវាទនិងអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុត នៅបទបញ្ជាមេបញ្ជាកា រនិងបទបញ្ជាតាមឋានានុក្រមក្នុងកងយោធពលខេមរភូមិន្ទ ត្រូវតម្កល់ផលប្រយោជន៍ជាតិខ្ពស់ជាងអ្វីៗទាំងអស់ ហើយត្រូវតែខិតខំការពារសន្តិភាព ការពារ ជាតិ សាសនា ព្រះមហាក្សត្រ និងដាច់ខាតមិនឱ្យបដិវត្តពណ៌ បំផ្លាញសន្តិភាពនៅកម្ពុជាបានឡើយ ទោះបីនៅក្នុងតម្លៃណាក៏ដោយ ត្រូវតែការពារ ជាពិសេសរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាស្របច្បាប់។

សូមបញ្ជាក់ផងដែរថា៖ នៅក្នុងកម្មវិធីនោះមានការបំពាក់ឋានន្តរសក្កិ ជូនដល់នាយទាហាននៃកងរាជអាវុធហត្ថចំនួន ១០រូប ក្នុងនោះមានថ្នាក់ឧត្តមសេនីយ៍ទោចំនួន ០៤ រូប និងថ្នាក់ឧត្តមសេនីយ៍ត្រីចំនួន ០៦ រូបផងដែរ៕