កំពង់ស្ពឺ៖ ព្រឹកថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំរកា ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថឆ្នាំ២០១៧ និងទិសដៅឆ្នាំ២០១៨ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដោយមានការចូលរួមពី មេបញ្ជាការរង នាយទាហាន នាទាហានរង នៃកងរាជអាវុធហត្ថខេត្តទាំងអស់ ។ ក្នុងឱកាសនោះក៏មានការបំពាក់នៅគ្រឿងឥស្សរយស លិខិតសសើរ បំពាក់ឋានន្តរសក្តិ ជូននាយទាហាន នាយទាហានរង ដែលបំពេញភារកិច្ចទទួលបានស្នាដៃ និងបានប្រកាសជាផ្លូវការចូលកាន់តំណែងបញ្ជាការរងចំនួន ០២រូបផងដែរ ។
លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានលើកឡើងថា ឆ្នាំ២០១៧កន្លងទៅការងារ បង្ការ បង្ក្រាប សង្គ្រោះ តាមបណ្តាមូលដ្ឋានក្រុង-ស្រុក ស្នាក់ការសន្តិសុខ បានរក្សាសន្តិសុខ សុវត្តិភាពជូនបងប្អូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ ជាពិសេសរាល់ការបង្ក្រាបការជួញដូរគ្រឿងញៀន បញ្ហាចោរកម្ម លួច ឆក់ ប្លន់ មានការថយចុះគួរឲ្យកក់សម្គាល់ ។
លោកមេបញ្ជាការបានបន្តថា ឆ្នាំ២០១៨ បណ្តាកម្លាំងតាមមូលដ្ឋានក្រុង-ស្រុក ស្នាក់ការសន្តិសុខ ត្រូវរឹតបន្តឹង ការស្រាវជ្រាវបង្ក្រាបឲ្យខានតែបានរាល់ការជួញដូរ ការកាប់បំផ្លាញ ការដឹកជញ្ជូនធនធានធម្មជាតិ ។