បន្ទាយមានជ័យ៖ នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខងារ និងបំពាក់ឋានន្តរសក្តិជូនមេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោក សាន ស៊ានហូ អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត កងកម្លាំងប្រដាប់អាវុធទាំងបី មន្ត្រីរាជការ រួមជាមួយអាជ្ញាធរស្រុកគោកធ្យូង ប្រទេសថៃ និងកងម្លាំងប្រាដាប់អាវុធប្រទេសថៃ ជាច្រើនរូបទៀត។
លោកវរសេនីយ៍ត្រី ជា ដា ត្រូវបានតែងតាំងជានាយរងសេនាធិការដ្ឋាន បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ខណៈលោកអនុសេនីយ៍ឯក នួន នីណារ៉ូ ត្រូវបានប្រកាសមុខងារជាមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ជំនួស។ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានមានប្រាសាសន៍ថា មេបញ្ជាការដែលបានប្រកាសផ្លាស់ប្តូរមុខងារនាពេលនេះ ត្រូវខិតខំ រក្សាការពារ សន្តិសុខ សុវត្ថិភាព ក្នុងមូលដ្ឋាន ឱ្យបានល្អប្រសើរ និងគោរពបទបញ្ជាថ្នាក់លើ បន្តកិច្ចសហការល្អ មានសាមគី្គឯកភាពផ្ទៃក្នុង ដើម្បីទប់ស្កាត់រាល់បទល្មើស ការពារសន្តិសុខសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងសង្គមជាតិ។
លោកឧត្តមសេនីយ៍បានបន្តថា ការផ្លាស់ប្តូរមុខងារនាពេលនេះមិនមែនមានន័យថា មេបញ្ជាការមុនអនុវត្តការងារមិនបានល្អនោះទេ តែនេះគឺជាការសម្រេចរបស់ថ្នាក់លើ ដើម្បីបុគ្គលនីមួយៗ មានបទពិសោធន៍ពីកន្លែងមួយទៅកន្លែងមួយទៀត។ លោកឧត្តមសេនីយ៍ក៏បានផ្តាំផ្ញើដល់មេបញ្ជាការ មេបញ្ជាការរង នាយ-នាយរង និងអាវុធហត្ថទាំងអស់ ត្រូវស្មោះត្រង់ចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ត្រូវគោរពបទបញ្ជាដែលថ្នាក់លើប្រគល់ជូន ត្រូវចេះស្រឡាញ់រាប់អានប្រជាពលរដ្ឋ ផ្តល់ភាពជឿជាក់ដើម្បីឱ្យប្រជាពលរដ្ឋបានកក់ក្តៅ និងត្រូវម៉ឺងម៉ាត់ចំពោះការអនុវត្តតួនាទីភារកិច្ច ជាពិសេស បន្តកិច្ចសហការចូលរួមទប់ស្កាត់រាល់បទល្មើសគ្រប់ប្រភេទឲ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បី រក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ៕