You are currently viewing ថវិកា ជិត៧០លានរៀល ត្រូវបានយកទៅជូនក្រុមគ្រួសារ អាវុធហត្ថពលី ក្នុងពេលបំពេញបេសកកម្ម ការពារធនធានធម្មជាតិ

ថវិកា ជិត៧០លានរៀល ត្រូវបានយកទៅជូនក្រុមគ្រួសារ អាវុធហត្ថពលី ក្នុងពេលបំពេញបេសកកម្ម ការពារធនធានធម្មជាតិ

រាជធានីភ្នំពេញៈ ដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសំណាក់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅល្ងាចថ្ងៃអាទិត្យ ៤រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រុមការងារ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ឌៀប វណ្ឌី នាយរងសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកវរសេនីយ៍ត្រី ម៉ាន់ ដាវីត អ្នកសម្របសម្រួល មូលនិធិ មហាគ្រួសារ កងរាជអាវុធហត្ថ តំណាងដ៍ខ្ពង់ខ្ពស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា បាននាំយកថវិការបស់មូលនិធិ មហាគ្រួសារ កងរាជអាវុធហត្ថ ជិត៧០លានរៀល ទៅជូនក្រុមគ្រួសារសព លោកនាយចំណង់ សេក វឌ្ឍនា ជំនួយការ បុគ្គលិក កងអនុសេនាធំចល័ត លេខ២៦ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានពលីក្នុងពេលបំពេញបេសកកម្ម ការពារធនធានធម្មជាតិ ក្នុងជន្មាយុ ៣១ឆ្នាំ។

លោកឧត្តមសេនីយ៍ទោ ឌៀប វណ្ឌី ក៏បានពាំនាំនូវការសួរសុខទុក្ខ និងការចូលរួមរំលែកទុក្ខពីចម្ងាយ របស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា និងបានលើកឡើងអំពីគុណសម្បត្តិ ដែលមិនអាចកាត់ថ្លៃបាន របស់លោកនាយចំណង់ សេក វឌ្ឍនា ដែលបានពលី ក្នុងពេលបំពេញបេសកកម្ម ការពារធនធានធម្មជាតិ ដើម្បីសង្គមជាតិ និងបានឧទ្ទិសបួងសួង សូមអោយវិញ្ញាណក្ខន្ត លោកនាយចំណង់ សេក វឌ្ឍនា សូមទៅកាន់ សុគតិភព កុំបីឃ្លាងឃ្លាតឡើយ។

លោកវរសេនីយ៍ត្រី ម៉ាន់ ដាវីត អ្នកសម្របសម្រួល មូលនិធិ មហាគ្រួសារ កងរាជអាវុធហត្ថ បានឪ្យដឹងថា ទាំងនេះសបញ្ជាក់អោយឃើញពីការយកចិត្តទុកដាក់ពីសុខទុក្ខបងប្អូនក្រោមឪវាត របស់ ថ្នាក់ដឹកនាំ កងរាជអាវុធហត្ថ ដែលមាន លោកនាយឧត្តមសេនីយ៍ សៅ សុខា ជាមេបញ្ជាការ និងបានបញ្ជាក់បន្ថែមទៀតថា មូលនិធិមហាគ្រួសារ កងរាជអាវុធហត្ថនេះ គឺធ្វើឡើងក្រោមគំនិតផ្តួចផ្តើមរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា និងក្រោមការយកចិត្តទុកដាក់ផ្ទាល់ពីសំណាក់ លោកឧត្តមសេនីយ៍ឯក វង្ស ពិសេន ដែល លោកទាំងពីរ តែងតែគិតគូអំពីសុខទុក្ខរបស់បងប្អូន កងរាជអាវុធហត្ថទាំងអស់ នៅពេលដែលជួបទុក្ខលំបាក ដូចជាពេលនេះជាដើម។