តៃនិញ៖ នារសៀលថ្ងៃអង្គារ ០៦រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានយោធាខេត្តតៃនិញ បានរៀបចំពិធីចុះហត្ថលេខាលើកំណត់ហេតុ ស្តីពីកិច្ចសហប្រតិបត្តិការ រវាងបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្វាយរៀង, ត្បូងឃ្មុំ និងព្រៃវែង ជាមួយបញ្ជាការដ្ឋានយោធាខេត្តតៃនិញ នៃប្រទេសវៀតណាម ក្រោមអធិបតីភាព លោកឧត្ដមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងដ៏ខ្ពង់ខ្ពស់ លោកនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកឧត្តមសេនីយ៍ត្រី ង្វៀន វ៉ាន់ណាម មេបញ្ជាការរងយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម។
គួរបញ្ជាក់ថា កំណត់ហេតុ ស្តីពីកិច្ចសហប្រតិបត្តិការ ដែលត្រូវបានចុះហត្ថលេខានាពេលនេះ គឺអនុវត្តតាមខ្លឹមសារនៃអនុស្សរណៈយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការ រវាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៃព្រះរាជាណាចក្រកម្ពុជា ជាមួយ បញ្ជាការដ្ឋានយោធភូមិភាគទី៧ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានចុះហត្ថលេខា នាថ្ងៃទី០២ ខែមករា ឆ្នាំ២០១៨ កន្លងទៅនេះ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា៕