You are currently viewing លោកឧត្តមសេនីយ៍ត្រី ជូ សារុន បានប្រគល់ថវិកា និងសម្ភារៈ មួយចំនួនធំដល់ ស.ស.យ.ក ខេត្តកំពង់ស្ពឺ

លោកឧត្តមសេនីយ៍ត្រី ជូ សារុន បានប្រគល់ថវិកា និងសម្ភារៈ មួយចំនួនធំដល់ ស.ស.យ.ក ខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានរៀបចំពិធីប្រគល់ ថវិកានិងសម្ភារៈមួយចំនួន ជូនទៅលោក សរ សុពុត្រា អភិបាលរងខេត្តកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក)ខេត្ត សម្រាប់ចែកជូនកុមារកំព្រា រួមទាំងប្រជាពលរដ្ឋ ជួបការខ្វះខាតចាំបាច់។

លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ដខេត្តកំពង់ស្ពឺ បានលើកឡើងថា ដោយមើលឃើញពីតម្រូវការចាំបាច់របស់មូលនិធិនៃក្តីស្រឡាញ់ (រួមគ្នាដើម្បីកំពង់ស្ពឺ) តាមរយៈ ស.ស.យ.ក ខេត្តកំពង់ស្ពឺ ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជន របស់សមាគមយុវជនសាមគ្គី សង្គ្រោះជាតិកម្ពុជា កំពុងធ្វើកិច្ចការមនុស្សធម៌ដ៏ប្រពៃ ក្នុងនោះផ្តោតលើកុមារកំព្រា ប្រជាជនជួបការខ្វះខាត ចាស់ជរា ជនខ្វះទីពឹង នៅតាមមូលដ្ឋាននានា ដែលកុំពុងជួបបញ្ហាប្រឈម។

លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ បានបន្តថា ដោយមើលឃើញពីភាពចាំបាច់នេះ អង្គភាពកងរាជអាវុធហត្ថ រួមទាំងនាយទាហាន នាយទាហានរង នៃបញ្ជាការដ្ឋាន បានរួមគ្នាបរិច្ចាគ ថវិកា និងសម្ភារសរុបមានទឹកប្រាក់ ៧,៧៧២,០០០រៀលក្នុងនោះមាន៖ ថវិកាចំនួន ៣,៦០០,០០០រៀល, អង្ករចំនួន០២តោន, ទឹកបរិសុទ្ធចំនួន ១០កេះ និង៤០យួរ ,មីចំនួន ២៤កេះតូច, ទឹកក្រូចនិងទឹកផ្លែឈើចំនួន ២០កេះ, ទឹកត្រី ទឹកស៊ីអ៊ីវចំនួន ៤០យួរ ជូនដល់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត។

លោក សរ សុពុត្រា អភិបាលរង ជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ បានថ្លែងថា «ទឹកចិត្តដ៏ប្រពៃថ្លៃថ្លា មហាប្រសើរនេះ ពិតជាបានរួមចំណែកយ៉ាងធំធេង ដល់បុព្វហេតុដ៏ឧត្តុង្គឧត្តម និងជាសប្បុរសដ៏ជ្រះថ្លា មិនអាចខ្វះបាន ដើម្បីស្នាមញញឹមនៃកុមារ និងពលរដ្ឋ ដែលកំពុងរង់ចាំការជួយគាំពារ ទាំងផ្នែកសុខភាព និងជីវភាពផងដែរ។

លោកអភិបាលរងបន្តថា ការផ្តល់ជូនថ្ងៃនេះ បានបញ្ជាក់ថាកម្លាំងកងរាជអាវុធហត្ថ មិនត្រឹមតែអនុវត្តបទបញ្ជាលើការងារ បង្ការ បង្ក្រាប សង្គ្រោះ តែប៉ុណ្ណោះទេ ថែមទាំងបានចូលរួមយ៉ាងសកម្ម លើកិច្ចការមនុស្សធម៌ថែមទៀតផង ទាំងនេះសបញ្ជាក់ឱ្យឃើញថា កងរាជអាវុធហត្ថ រក្សាបាននូវការគោរពស្រឡាញ់ គាំទ្រ ចំពោះបងប្អូនប្រជាពលរដ្ឋដូចជា៖ កូនចៅ បងប្អូន និងក្រុមគ្រួសារតែមួយ៕