You are currently viewing ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីហឹង្សាដោយចេតនា

ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីហឹង្សាដោយចេតនា

បន្ទាយមានជ័យ៖ យោងពាក្យបណ្តឹងជនរងគ្រោះឈ្មោះ ម៉ប ដួង ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិអូរនាង សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ករណីហឹង្សាដោយចេតនា (មានស្ថានទម្ងន់ទោស) ប្រព្រឹត្តនៅវេលាម៉ោង ២០ និង ៣០នាទី ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចខាងក្រោយសាលារៀនអូរនាង ចម្ងាយប្រមាណ ៥០០ម៉ែត្រ ស្ថិតក្នុងភូមិអូរនាង សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា៖ ក្រោយទទួលបានពាក្យបណ្តឹង និងអនុលោមទៅតាមការណែនាំរបស់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នៅវេលាម៉ោង ២៣ និង ០០នាទី លោកបានដឹកនាំកម្លាំងចុះធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ អ៊ុក មករា (ហៅ រ៉ា) ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិអូរនាង សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ដើម្បីសួរនាំអំពីអង្គហេតុខាងលើ ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ថា នៅមុនថ្ងៃកើតហេតុមួយថ្ងៃ ជនសង្ស័យ និងជនរងគ្រោះ បានទាស់ពាក្យសម្តីគ្នាបន្តិចបន្តួច តែមិនមានសកម្មភាពអ្វីកើតឡើងទេ នៅថ្ងៃបន្ទាប់ ដែលជាថ្ងៃកើតហេតុជនសង្ស័យបានជិះម៉ូតូ ក្នងស្ថានភាពស្រវឹង ហើយបានស្រែកជេរជនរងគ្រោះរួចក៏ជិះម៉ូតូត្រឡប់ទៅវិញ មួយសន្ទុះក្រោយមកក៏បានជិះម៉ូតូត្រឡប់មកវិញសំដៅរកជនរងគ្រោះ ដោយដៃជនសង្ស័យទាំងសងខាងមានកាន់ដំបងដែកទីប និងកាំបិត ហើយក៏ធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះតែម្តង ។ បន្ទាប់ពីឃាត់ខ្លួន ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពប្រើប្រាស់ដំបងដែកទីប និងកាំបិតកែច្នៃវាយ និងកាប់ទៅលើជនរងគ្រោះ ត្រូវជាច្រើនកាំបិត ចំក្បាល ច្រមុះ និងពោះ ។ ក្រោយទទួលបានចម្លើយសារភាពរបស់ជនសង្ស័យ លោកបានកសាងសំណុះរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាងមកទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារយុត្តិធម៌ បានបញ្ជាក់បន្ថែមថា៖ តាមការសាកសួររបស់កម្លាំងជំនាញ ជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តអំពើហឹង្សាទៅលើឈ្មោះ ម៉ប ដួង ដោយប្រើដំបងដែកទីប និងកាំបិត ពិតប្រាកដមែន ។ ដោយយោងលើចម្លើយសារភាពរបស់ជនសង្ស័យ តាមការបំភ្លឺរបស់ជនរងគ្រោះ តាមការធ្វើកោសល្យវិច្ច័យទៅលើស្លាកស្នាមរបួសរបស់ជនរងគ្រោះ និងដោយផ្អែកលើអង្គហេតុខាងលើ ឃើញថាមានភាពស៊ីសង្វាក់គ្នា ដែលបង្ហាញពីតម្រុយនៃពិរុទ្ធយ៉ាងជាក់លាក់ ដែលអាចសន្និដ្ឋានបានថា ជនសង្ស័យពិតជាបានប្រព្រឹត្តអំពើហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស ។ កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាង ទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី ។