You are currently viewing ជនល្មើសប្លន់សម្លាប់ជាងបីឆ្នាំ ត្រូវបានកម្លាំងអាវុធហត្ថស្រាវជ្រាវបង្ក្រាប

ជនល្មើសប្លន់សម្លាប់ជាងបីឆ្នាំ ត្រូវបានកម្លាំងអាវុធហត្ថស្រាវជ្រាវបង្ក្រាប

កណ្តាល៖ ការបង្រ្កាបករណីឃាតកម្មគិតទុកជាមុន (ប្លន់សម្លាប់យកម៉ូតូ) កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៦ វេលាម៉ោង ១១ និង ១៥នាទី មានការប្រទះឃើញសាកសពមួយនៅសល់តែគ្រោងឆ្អឹង នៅចំណុចក្នុងព្រៃឫស្សីចម្ងាយពីផ្លូវលំប្រហែល១៥០ម៉ែត្រ ស្ថិតក្នុងភូមិតាឡឹក ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ក្រោយពីធ្វើការត្រួតពិនិត្យសាកសព និងការធ្វើកោសលវិច្ចយរបស់មន្ត្រីជំនាញ ជាមួយអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ព្រមទាំងការស្រាវជ្រាវ បានសន្និដ្ឋានថាៈ ជាករណីឃាតកម្ម (ប្លន់សម្លាប់យកម៉ូតូ) គឺសពជនរងគ្រោះមានឈ្មោះ សេង ប៊ុនលី ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិជ្រលង ឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

នៅថ្ងៃទី៣១ ដដែល កម្លាំងនគរបាល បានស្រាវជ្រាវចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ប៉ាត់ តុល ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិត្បែង ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ (បច្ចុប្បន្នឃុំខ្លួនបណ្តោះអាសន្នក្នុងពន្ធនាគារខេត្តកណ្តាល) បានធ្វើសកម្មភាពជាមួយបក្សពួកម្នាក់ទៀតមានឈ្មោះ យឺន ចន្ទី ហៅ ទី ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិត្បែង ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ (កំពុងរត់គេចខ្លួន និងមានដីកាបង្គាប់ឲ្យចាប់ខ្លួន លេខ១៣១ ដក.បចខ ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦ របស់លោក ផូង វណ្ណ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល)។

លុះមកដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ ជនល្មើសឈ្មោះ យឺន ចន្ទី ហៅ ទី ដែលបានរត់គេចមកលាក់ខ្លួននៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យចាប់ឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីហឹង្សាដោយចេតនា (ជាក់ស្តែង) ហើយជនល្មើសរូបនោះបានសារភាពថាៈ ខ្លួនធ្លាប់បានធ្វើសកម្មភាពជាមួយបក្សពួកម្នាក់ទៀតឈ្មោះ ឆាយ ផារ៉ុត ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នករៀបចំឆាកអកកាដង់ រស់នៅភូមិត្បែង ឃុំក្រាំងធ្នង់ ស្រុកបាទីខេត្តតាកែវ ធ្វើសកម្មភាពប្លន់សម្លាប់ឈ្មោះ សេង ប៊ុនលី (សព) យកម៉ូតូកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៥ វេលាម៉ោងជិត ៦ល្ងាច នៅចំណុចក្នុងព្រៃឬស្សី ក្នុងស្រុកកណ្តាលស្ទឹង។ ព័ត៌មាននេះ ត្រូវបានកម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ ទំនាក់ទំនងមកកម្លាំងអាវុធហត្ថខេត្តកណ្តាល ធ្វើការស្រាវជ្រាវ និងបានសុំគោលការអនុញ្ញាតិពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល ពន្លាតដែនដីសហការណ៍ជាមួយកម្លាំងអាវុធហត្ថខេត្តតាកែវ នាំខ្លួនឈ្មោះ ឆាយ ផារ៉ុត នៅវេលាម៉ោង១១ និង០០នាទី ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចមុខផ្ទះ យកមកសាកសួរតែម្តង។ ក្រោយពេលធ្វើការសាកសួរបឋមជនល្មើសឈ្មោះ យឺន ចន្ទី ហៅ ទី និងជនល្មើសឈ្មោះ ឆាយ ផារ៉ុត បានឆ្លើយសារភាពមានភាពស៊ីសង្វាក់គ្នាដូចគ្នាថាៈ ពួកគេទាំងពីរនាក់ ពិតជាបានរៀបចំគិតទុកជាមុន ធ្វើសកម្មភាពសម្លាប់ឈ្មោះ សេង ប៊ុនលី ប្លន់យកម៉ូតូ ប្រាកដមែន ម៉ាក សង់ ស៊េរីឆ្នាំ២០១៥ ហើយម៉ូតូនោះ យកទៅលក់នៅផ្សារឃ្លាំងរំសេវបានតម្លៃ៥០០ដុល្លា។

ដោយឡែកឈ្មោះ ប៉ាត់ តុល បច្ចុប្បន្នកំពុងជាប់ឃុំខ្លួនក្នុងពន្ធនាគារខេត្តកណ្តាល គឺពុំមានការពាក់ព័ន្ធនឹងអំពើឃាតកម្មនោះទេ។

បច្ចុប្បន្នជនល្មើសឈ្មោះ យឺន ចន្ទី ហៅ ទី និងឈ្មោះ ឆាយ ផារ៉ុត ត្រូវបាននាំខ្លួនបញ្ជូនមកអង្គភាពអាវុធហត្ថខេត្តកណ្តាល ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត និងពន្ធនាគារួច។