បន្ទាយមានជ័យ៖ ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានប្រារព្ធខួបលើកទី១០៧ ទិវាអន្តរាជាតិនារី ក្រោមប្រធានបទ (ស្រ្តីរួមគ្នារក្សាសន្តិភាព ដើម្បីអភិវឌ្ឍន៍ជាតិ) ពិធីនេះប្រព្រឹត្តឡើងក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដែលមានការចូលរួមពីលោកមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធានមន្ទីរ មេបញ្ជាការស្រុក/ក្រុង នាយការិយាល័យ នាយ-នាយរង និងអាវុធហត្ថនារី សរុបចំនួន ៩៤នាក់ ។
ក្នុងពិធីនោះផងដែរ លោកឧត្តមសេនីយ៍ត្រីបានកោតសរសើរដល់អាវុធហត្ថនារីដែលបានខិតខំប្រឹងប្រែង យកចិត្តទុកដាក់អនុវត្តតួនាទីភារកិច្ច ដ៏ប្រសើរកន្លងមក និងបានកសាងស្នាដៃជាច្រើនជូនអង្គភាព ក៏ដូចជាសង្គមជាតិទាំងមូល ។ កិច្ចបញ្ចប់នៃកម្មវិធី លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានផ្តល់ជូននូវវត្ថុអនុស្សាវរីយ៍ដល់អាវុធហត្ថនារី ចំនួន ១៦នាក់ ក្នុងម្នាក់ៗទទួលបាន ៖ ថវិកា ១០០.០០០រៀល(ដប់ម៉ឺនរៀល) សារុង០១ មី ០១កេះ ទឹកបរិសុទ្ធ ០១យួរ ទឹកក្រូច ០១កេះ និងអង្ករ ០១ការ៉ុង ។ និងបានឧបត្ថម្ភបន្ថែមដល់អាវុធហត្ថនារីចំនួន ០២នាក់ ដែលមានផ្ទៃពោះ ក្នុងម្នាក់ទទួលបាន ថវិកា ១០០.០០០រៀល និងសារុង ០១ផងដែរ ។ នៅថ្ងៃដដែលនេះផងដែរ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានប្រគល់ផ្ទះ ០១ខ្នង ដែលមានទំហំ (៥ម៉ែត្រ X ៧ម៉ែត្រ) ធ្វើអំពីថ្មប្រក់ស័ង្កសី ដែលចំណាយថវិកាអស់ចំនួន ៥.១១២ដុល្លា(ប្រាំពាន់ មួយរយ ដប់ពីរ ដុល្លាសហរដ្ឋអាមេរិក) ជូនដល់លោកស្រីនាយចំណង់ កែវ អូន ជំនួយការគិលានដ្ឋាន នៃមន្ទីរភស្តុភារ ផងដែរ ។
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានឱ្យដឹងថា ៖ លោកស្រីនាយចំណង់ កែវ អូន ទទួលបានការយកចិត្តទុកដាក់ជួយឧបត្ថម្ភគាំទ្រតាំងពីលោកឧត្តមសេនីយ៍ត្រី ឱ បូរិន្ទ នៅជាមេបញ្ជាការកងរាជអាវុធហត្ថខេត្ត ហើយលោកបានផ្តួចផ្តើមគំនិតសាងសង់ផ្ទះជូនលោកស្រី កែវ អូន ។ ពេលនោះការសាងសង់បានប្រមាណ ៦៥% លោកក៏ត្រូវបានផ្លាស់ប្តូរតួនាទីថ្មី ។
ដោយអនុវត្តន៍ទៅតាមការណែនាំរបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានបន្តការសាងសង់ផ្ទះជូនលោកស្រី កែវ អូន បន្តទៀតរហូតសាងសងរួចជាស្ថាពរ ហើយថវិកាសាងសង់ទាំងអស់ គឺបានមកពីការចូលរួមឧបត្ថម្ភគាំទ្រ ពីសំណាក់មន្ត្រីអាវុធហត្ថគ្រប់លំដាប់ថ្នាក់ ។ នេះបញ្ជាក់អោយឃើញពីការយកចិត្តទុកដាក់ និងការចេះជួយគ្នាទៅវិញទៅមករបស់កងកម្លាំងកងរាជអាវុធហត្ថ ។
ក្នុងពិធីប្រគល់ផ្ទះ ០១ខ្នង ជូនលោកស្រី កែវ អូន នេះផងដែរ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន រួមជាមួយមន្ត្រីអាវុធហត្ថគ្រប់ថ្នាក់ បានជួយឧបត្ថម្ភបន្ថែមដល់លោកស្រី កែវ អូន រួមមាន ៖ ថវិកាចំនួន ២.៨៤៥.០០០រៀល(ពីរលាន ប៉ែតសិបបួនម៉ឺន ប្រាំពាន់រៀល)អង្ករ ០៤ការ៉ុង ទឹកក្រូច ០២កេះ ទឹកសុទ្ធ ០៥យួរ ផងដែរ ។