បន្ទាយមានជ័យ៖ ថ្ងៃទី០៩ ខែមិនា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានដឹកនាំមន្ត្រីកងរាជអាវុធហត្ថចំនួន ៥៧នាក់ជួយសាងសង់ផ្ទះ០១ខ្នងទំហំ (៥ម៉ែត្រ X ៨ម៉ែត្រ) ធ្វើអំពីឈើជញ្ជាំងក្តារប្រក់ស័ង្កសី ក្រាលបេតុងជូនដល់អតីតយុទ្ធជនកងពលធំលេខ១២ (ប្រភេទពិការ) ឈ្មោះ ងួន ទុំ ភេទប្រុស អាយុ ៤៦ឆ្នាំ ប្រពន្ធឈ្មោះ ធួន ថា អាយុ ៤៩ឆ្នាំ និងកូនប្រុស ០១នាក់ នៅក្នុងបន្ទុក រស់នៅភូមិគោកព្រិច ឃុំសូភី ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មានប្រសាសន៍ថា៖ ផ្ទះមួយខ្នងនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយការសាងសង់នេះគឺដោយមានកិច្ចសហការពីមន្ត្រីអាវុធហត្ថគ្រប់លំដាប់ថ្នាក់ រួមជាមួយក្រុមការងារសមាគមន៍អតីតយុទ្ធជនផងដែរ ។ ក្នុងនោះផងដែរលោកឧត្តមសេនីយ៍ត្រីបានជួយឧបត្ថម្ភបន្ថែមដល់គ្រួសារលោក ងួន ទុំ នៅថវិកាចំនួន ៦០០.០០០រៀល ដើម្បីជួយរំលែកសម្រាប់ការដោះស្រាយចំពោះមុខ ។ ក្នុងថ្ងៃដដែលនោះផងដែរ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានចុះសួរសុខទុក្ខដល់ប្រជាពលរដ្ឋដែលជួបការលំបាក និងមានជម្ងឺក្រិនថ្លើម កំពុងសម្រាកព្យាបាលនៅផ្ទះ ឈ្មោះ នាង សម្បត្តិ ភេទស្រី អាយុ ៦៥ឆ្នាំ ប្តីឈ្មោះ ផា ញ៉ក់ អាយុ ៦១ឆ្នាំ រស់នៅភូមិគោកព្រិច ឃុំសូភី ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងបានឧបត្ថម្ភជាថវិកាចំនួន ៦០០.០០០រៀលផងដែរ ។