កំពត៖ ព្រឹកថ្ងៃសុក្រ ៧កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នងការរង ស្នងការដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ និងជាអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញធ្វើបទឧទ្ទេសនាមស្តីពីការងារអប់រំចិត្តសាស្ត្រប្រចាំឆមាស១ ឆ្នាំ២០១៨ ដល់កម្លាំងកងរាជអាវុធហត្ថ ខេត្តកំពត ។ ការអប់រំចិត្តសាស្ត្រនេះ មាន រយៈពេលពេញមួយថ្ងៃ ដោយមានការចូលរួមពីមេបញ្ជាការរង នាយទាហាននិងនាយទាហានរង ប្រមាណ ១០២នាក់។ លោកឧត្តមសេនីយ៍បានលើកឡើងពីសភាពវិវត្តន៍ថ្មីៗសភាពការជាតិ សភាពការណ៍អន្តរជាតិ ពីច្បាប់បោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ត បទបញ្ជា នីតិវិធីនៃដំណើរការបោះឆ្នោត ក្រមសីលធម៌ ច្បាប់ស្តីពីលក្ខនិ្តកៈនិងបទវិន័យទូទៅរបស់ កងយោធពលខេមរភូមិន្ទ និងពីតួនាទី ភារកិច្ចរបស់កងរាជអាវុធហត្ថ។
លោកឧត្តមសេនីយ៍ បានបញ្ជាក់ថា ដោយមានការអនុញ្ញាតពី លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងតាមការស្នើសុំ ពីមេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តកំពត មកផ្សព្វផ្សាយ ការងារអប់រំចិត្តសាស្ត្រប្រចាំឆមាសទី១ ឆ្នាំ២០១៨ ដល់កម្លាំងកងរាជអាវុធហត្ថ ខេត្តកំពតដើម្បីពង្រឹងនូវគោលជំហរ ស្មារតី សតិអារម្មណ៍ ដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ ឱ្យយល់ជ្រួតជ្រាបកាន់តែច្បាស់នូវតួនាទី ភារកិច្ច និងបេសកកម្ម របស់កងរាជអាវុធហត្ថ ក្នុងការបម្រើជាតិ មាតុភូមិ និងប្រជាពលរដ្ឋ។ កងរាជអាវុធហត្ថ មានតួនាទី ភារកិច្ច ក្នុងការថែរក្សានិងពង្រឹងសន្តិសុខ ស្ថិរភាពនយោបាយ និងរក្សាសណ្តាប់ធ្នាប់សង្គម។ កងរាជអាវុធហត្ថមានតួនាទី ភារកិច្ច ជាប៉ូលិសរដ្ឋបាល ជាមន្ត្រីនគរបាលយុត្តិធម៌ ជាតម្រួតយោធា និងផ្តល់កម្លាំងទៅជួយអន្តរក្រសួងតាមការស្នើសុំ ។ លោកឧត្តមសេនី ក៏បានជំរុញឱ្យកម្លាំងកងរាជអាវុធហត្ថ ខេត្តកំពត ទាំងអស់ ត្រូវគោរពរដ្ឋធម្មនុញ្ញ គោរពច្បាប់ចរាចរណ៍ គោរពបទបញ្ជា គោរពការចាត់តាំង និងត្រូវបន្តរៀនសូត្របន្ថែមពីច្បាប់ លក្ខន្តិកៈថ្មីៗ នានា ដើម្បីបង្កើននូវចំណេះដឹង ព្រមទាំងត្រូវថែរក្សាសុខភាពឱ្យបានល្អប្រសើរ ដើម្បីគ្រួសារនិងអង្គភាព និងត្រូវយកការផ្សព្វ ផ្សាយនាពេលនេះ ទៅផ្សព្វផ្សាយបន្តដល់អ្នកដែលមិនបានចូលរួម។