ភ្នំពេញ៖ នៅទីបំផុតជនសង្ស័យឈ្មោះ នឹម ឈីន ដែលកំពុងល្បីក្នុងបណ្តាញហ្វេសប៊ុក ពាក់ព័ន្ធករណីបង្កហឹង្សាលើប្រពន្ធ ធ្វើទារុណកម្មផ្លូវភេទ និងថតវីដេអូគំរាមបង្ហោះជាសាធារណៈ ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថរាជធានីភ្នំពេញបញ្ជូនទៅពន្ធនាគារ។
តាមការបញ្ជាក់របស់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា បើទោះបីជាបណ្តឹងនារីរងគ្រោះជាប្រពន្ធ និង ចម្លើយសារភាពបុរសជាប្តី ពុំស៊ីសង្វាក់គ្នាហើយនារីរងគ្រោះ ពុំបានផ្តល់ភស្តុតាងជាក់លាក់និងការបំភ្លឺច្បាស់លាស់ ដល់សមត្ថកិច្ច ក៏អាវុធហត្ថរាជធានីភ្នំពេញ នៅតែប្រឹងប្រែងបន្តកសាងនីតិវិធី និងប្រមែប្រមូលភស្តុតាង សម្រាប់ដាក់បន្ទុកចំពោះជនសង្ស័យជាប្តី មិនឲ្យរួចខ្លួនបានឡើយ ។
នៅព្រឹកថ្ងៃ២២ ខែមីនា ឆ្នាំ២០១៨ សមត្ថកិច្ចអាវុធហត្ថ បានកសាងសំណុំរឿងនិងបញ្ជូនជនសង្ស័យករណី អំពើហឹង្សា ក្នុងគ្រួសារ (លើអនីតិសង្វាស) អំពើទារុណកម្មផ្លូវភេទ ប្រើប្រាស់និងជួញដូរគ្រឿងញៀនទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់។
នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួន ជនសង្ស័យក្រោមការត្រួតពិនិត្យពីបទ ទារុណកម្ម អំពើឃោរឃៅ និងជួញដូរប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន។ ហើយជនសង្ស័យក៏ត្រូវអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនចូលដល់ពន្ធនាគារក្នុងមណ្ឌលអប់រំកែប្រែទី១(ព្រៃស) នៅថ្ងៃទី២៣ វេលាម៉ោង ១៥និង០០នាទី នេះផងដែរ។
ព្រមជាមួយគ្នានោះ អាវុធហត្ថរាជធានីភ្នំពេញបានធ្វើការបដិសេធយ៉ាងដាច់អហង្កាចំពោះព័ត៌មាន Live តាមហ្វេសប៊ុក កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ ដែលលើកឡើងថា “នារីរងគ្រោះមានការភ័យជាលើកទី៣ ក្រោយត្រូវប្តីកំណាចតែងតែគំរាម និងប្រើហឹង្សាជាង១ឆ្នាំត្រូវអាវុធចាប់ខ្លួនបានទូរស័ព្ទមកគំរាមសម្លាប់មួយគ្រួសារ បើសិនជាគេរួចខ្លួន” គឺជាការបំភ្លើសការពិត ដើម្បីទាក់ទាញចំណាប់អារម្មណ៍ប៉ុណ្ណោះ ដោយសមត្ថកិច្ចអាវុធហត្ថបានលើកហេតុផលមួយចំនួនជូនដល់សាធារណជនពិចារណា៖
១.ជនសង្ស័យត្រូវបានឃាត់ខ្លួននៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ ក្រោយពេលឃាត់ខ្លួនសម្ភារៈ និងវត្ថុតាងជាប់ខ្លួនរបស់ជនសង្ស័យទាំងប៉ុន្មាន ត្រូវបានសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ធ្វើកំណត់ហេតុដកហូត និងរក្សាទុក យ៉ាងហ្មត់ចត់ ក្នុងនោះរួមមានទាំងទូរស័ព្ទដៃរបស់ជនសង្ស័យ ដែលមានលេខ ០៨៧ ៥៥៦ ៧៩៧ ក៏ត្រូវបានដកហូតមិនឲ្យប្រើប្រាស់ និងរក្សាទុកក្នុងបន្ទប់សុវត្ថិភាព និងមានសមត្ថកិច្ចយាមប្រចាំការ ឃ្លាំមើលជនសង្ស័យដែលឃុំខ្លួន បណ្តោះអាសន្នយ៉ាងយកចិត្តទុកដាក់ ដូច្នេះគ្មានហេតុផលណាមួយដែលជនសង្ស័យមានទូរស័ព្ទ អាចហៅទៅគម្រាមជនរងគ្រោះបានឡើយ ហើយបើពិតជាអាចយកទូរស័ព្ទហៅទៅបានមែននោះ ម៉្លេះសមរូបភាពវីដេអូរួមភេទ ដែលជនរងគ្រោះនិងជនសង្ស័យបានថតរក្សាទុកក្នុងទូរស័ព្ទដៃរបស់ជនសង្ស័យ ច្បាស់ជា ត្រូវបែកធ្លាយ បង្ហោះចែកចាយ ពេញបណ្តាញសង្គមហ្វេសប៊ុកជាក់ជាមិនខាន។
២.ជនរងគ្រោះគ្រាន់តែនិយាយដោយខ្លួនឯងថា ជនសង្ស័យបានទូរស័ព្ទទៅគំរាម តែមិនបានយកទូរស័ព្ទមកបង្ហាញអំពីលេខឬម៉ោង ដែលជនសង្ស័យបានទូរស័ព្ទទៅឡើយ។
៣.ជនរងគ្រោះនិងជនសង្ស័យជាមនុស្សប្រើប្រាស់គ្រឿងញៀនជាមួយគ្នាជាង ១ឆ្នាំមកហើយ (ជក់ក្នុងបន្ទប់ផ្ទះជួល) ហើយប្រហែល១ឆ្នាំមកនេះ ជនសង្ស័យតែងតែចំណាយលុយម្តងចំនួន ២០ទៅ ៦០ម៉ឺនរៀល ដើម្បីទិញគ្រឿងញៀន មកលក់បន្តនៅក្នុងបន្ទប់ជួលរបស់ខ្លួនផងដែរ ។ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ ពួកគេបានឈ្លោះគ្នា ហើយនៅថ្ងៃទី១៦ ទើបជនរងគ្រោះចេញពីផ្ទះ បន្ទាប់មកនៅថ្ងៃទី១៧ ជនសង្ស័យបានឆាតវីដេអូរួមភេទទៅគំរាមឲ្យប្រពន្ធមកផ្ទះវិញ តែនៅថ្ងៃទី២០ ទើបជនរងគ្រោះរត់ទៅប្តឹងដល់សារព័ត៌មាន ហើយក្រុមអ្នកសារព័ត៌មាន ក៏បាននាំជនរងគ្រោះមកជួបសមត្ថកិច្ច ហើយសមត្ថកិច្ចអាវុធហត្ថក៏ចុះអនុវត្តនាំខ្លួនជនសង្ស័យ តាមការចង្អុលបង្ហាញរបស់ជនរងគ្រោះ។ ប៉ុន្តែបណ្តឹងរបស់ជនរងគ្រោះ និងចម្លើយសារភាពរបស់ជនសង្ស័យគឺមិនស៊ីសង្វាក់គ្នា ដោយមានចំណុចស្រពិចស្រពិលជាច្រើន ជាពិសេសជនរងគ្រោះមិនមានភស្តុតាងច្បាស់លាស់មកបង្ហាញសមត្ថកិច្ចផងដែរ។
បើត្រឹមតែសម្តីតែម្ខាងៗ ដោយមិនមានមូលដ្ឋានច្បាប់ គ្មានភស្តុតាង និងសាក្សីជាក់លាក់នោះទេសមត្ថកិច្ចក៏មិនធ្វើការចោទប្រកាន់នណាម្នាក់តាមតែចិត្តនោះឡើយ រីឯការជេរដៀលត្មេះសមត្ថិកិច្ចដោយគ្មានការពិចារណា និងមិនដឹងអំពីនីតិវិធី ពុំមែនជាទង្វើត្រឹមត្រូវរបស់ពលរដ្ឋស្លូតត្រង់ ដែលរស់នៅក្នុងប្រទេសនីតិរដ្ឋនោះដែរ។