You are currently viewing ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញសំណេះសំណាល និងចែកអំណោយលើកទឹកចិត្តកងកម្លាំង ដើម្បីអបអរឆ្នាំថ្មី

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញសំណេះសំណាល និងចែកអំណោយលើកទឹកចិត្តកងកម្លាំង ដើម្បីអបអរឆ្នាំថ្មី

ភ្នំពេញ៖ ជារៀងរាល់ឆ្នាំ មុនថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរមកដល់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ តែងតែបានរៀបចំពិធីជួបជុំសំណេះសំណាលជាមួយនាយ នាយរង និងពលអាវុធហត្ថទូទាំងរាជធានីភ្នំពេញ ដោយភ្ជាប់ជាមួយអំណោយជាចំណងដៃដល់កម្លាំងគ្រប់ៗគ្នា ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មី ពិធីសំណេះសំណាលនេះធ្វើឡើងនារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ រាជធានីភ្នំពេញ ។

 

ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានមានប្រសាសន៍ពាំនាំនូវការសាកសួរសុខទុក្ខរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ បញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនចំពោះ នាយទាហាន នាយទាហានរង និងពលទាហាននៃអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ ព្រមទាំងក្រុមគ្រួសារ ឲ្យជួបប្រទះតែសេចក្តីសុខ សុភមង្គល សុខភាពល្អបរិបូរ និងជោគជ័យគ្រប់ការងារ។ ក្នុងឱកាសនោះដែរឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានរំលឹកពីលទ្ធផលស្នាដៃរបស់កងកម្លាំងអាវុធហត្ថរាជធានីភ្នំពេញគ្រប់កងឯកភាព ទាំងការកសាង, ការបង្ក្រាបបទល្មើស, ការចូលរួម ការការពារសុវត្ថិភាពជូនថ្នាក់ដឹកនាំ រក្សាការពារសន្តិសុខសណ្តាប់ធ្នាប់គ្រប់កម្មវិធីបុណ្យជាតិ ការពារសុវត្ថិភាពជូនប្រតិភូជាតិអន្តរជាតិ, ការជួយយកអាសារប្រជាពលរដ្ឋដែលជួបឧបទ្ទវហេតុគ្រោះថ្នាក់លើដងផ្លូវ ដោយសង្គ្រោះបឋម ការជួយសម្រួលចរាចរណ៍នៅកន្លែងកកស្ទះ, ជួយដឹកដៃសិស្សតូចៗឆ្លងផ្លូវទាំងម៉ោងចូលនិងចេញពីសាលារៀន, ការល្បាតពេលយប់ដើម្បីរក្សាសន្តិសុខ សុវត្ថិភាពជូនពលរដ្ឋ និងការចូលរួមចលនា អនាម័យបរិស្ថាន គ្រប់ទីកន្លែងដែលអាវុធហត្ថឈរជើង គឺសុទ្ធតែជាទង្វើដែលប្រជាជន មហាជន ជាពិសេសថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ស្រឡាញ់ គាំទ្រ និងកោតសរសើរគ្រប់ៗគ្នា។ ដូច្នេះក្នុងនាម លោកជាមេបញ្ជាការ ពិតជាមានមោទនភាពយ៉ាងខ្លាំង និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់កងកម្លាំងអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ ចំពោះការលះបង់កម្លាំងកាយចិត្ត បំពេញការងារទាំងយប់ទាំងថ្ងៃប្រកបដោយវិន័យ សណ្តាប់ធ្នាប់ មានស្មារតីតស៊ូអត់ធ្មត់ និងសាមគ្គីភាពឯកភាពផ្ទៃក្នុងបានល្អ ។

 

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានគូសបញ្ជាក់បន្ថែមថា ឆន្ទៈនិងភាពស្មោះត្រង់នៃការបំពេញការងាររបស់បងប្អូន គឺជាការចូលរួមចំណែកយ៉ាងធំធេងក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងស្ថេរភាពសង្គម ដូច្នេះសូមឲ្យបងប្អូនបន្ត ឆន្ទៈស្មោះត្រង់ទាំងនេះ ត្រៀមអនុវត្តតាមបទបញ្ជាថ្នាក់លើគ្រប់ពេលវេលា យកចិត្តទុកដាក់អនុវត្តតាមការណែនាំ ចង្អុលបង្ហាញ តម្រង់ទិសរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា ឲ្យបានម៉ឹងម៉ាត់ ជាពិសេសត្រូវប្តូរផ្តាច់ ក្នុងការថែរក្សាសន្តិភាព និងការអភិវឌ្ឍន៍ដែលប្រទេសជាតិយើងកំពុងមានសព្វថ្ងៃឲ្យនៅគង់វង្សរីកចម្រើនតទៅមុខជានិរន្តរ៍ និងត្រូវលើកកំពស់ស្មារតី ស្រឡាញ់ ជឿជាក់ ស្មោះត្រង់ដាច់ខាត ប្តេជ្ញាការពារ នូវរាជរដ្ឋាភិបាលស្របច្បាប់ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅគ្រប់កាលៈទេសៈ មិនឲ្យមាន បដិវត្តពណ៌កើតឡើងជាដាច់ខាត។  ទន្ទឹមគ្នានេះផងដែរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានដាស់តឿនក្រើនរំលឹក ដល់កងកម្លាំងទាំងអស់ មុនពេលចេញ ប្រតិបត្តិការ ត្រូវឆ្លុះកញ្ចក់មើលខ្លួនឯងឲ្យមានសណ្តាប់ធ្នាប់ តាំងពីក្បាលដល់ចុងជើង ធ្វើខ្លួនឲ្យមានតម្លៃ ត្រូវបំពេញការងារប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ គោរពច្បាប់ គោរពសិទ្ធមនុស្ស ហាមប្រាស់ចាកពីវិន័យ និងបទបញ្ជាផ្ទៃក្នុងរបស់កងរាជអាវុធហត្ថ ត្រូវតាំងខ្លួនជាអ្នកបម្រើរាស្ត្រជានិច្ចមិនមែនធ្វើជាចៅហ្វាយរាស្ត្រនោះទេ។ ជាមួយគ្នានេះត្រូវត្រិះរិះពិចារណា លើការរៀបចំ ផែនការសេដ្ឋកិច្ចគ្រួសារឲ្យបានត្រឹមត្រូវ ដែលគំនិតនេះប្រៀបដូចជាកញ្ចប់ថវិកាដ៏ធំមួយជួយឲ្យយើងជៀសផុតពីហានិភ័យសេដ្ឋកិច្ចក្នុងគ្រួសារ តែកុំភ្លេចត្រូវយកចិត្តទុកដាក់ ថែរក្សាសុខភាពខ្លួនឯងឲ្យបានគ្រប់គ្នាតាមរយៈការតមអាហារ និងការហាត់ប្រាណជាប្រចាំ។ ហើយនៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៨  ត្រូវទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់គ្នាកុំបីខាន។

ជាចុងបញ្ចប់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានមានប្រសាសន៍ថា ដើម្បីតបស្នងចំពោះការប្រឹងប្រែង និងភាពស្មោះត្រង់របស់បងប្អូន លោកពុំមានកញ្ចប់ថវិកាអ្វីជូននោះទេ គឺមានតែការលើកទឹកចិត្តបងប្អូនឲ្យបន្តការងារដ៏ល្អនេះ ឲ្យរឹតតែប្រសើរឡើង ដើម្បីជាកិត្តិយសនិងភាពថ្លៃថ្នូររបស់ខ្លួនឯងផង គ្រួសារផង និងសង្គមជាតិយើងទាំងមូលផងដែរ ហើយនៅថ្ងៃទី២៨ ខែ០៣ ឆ្នាំ២០១៨ខាងមុខនេះ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ នឹងប្រារព្ធពិធីជប់លៀងជាមួយបងប្អូនទាំងអស់ ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរយើង ដោយឡែកក្នុងថ្ងៃនេះ លោកសូមជូនអំណោយបន្តិចបន្តួចដល់បងប្អូនគ្រប់ៗគ្នា គឺក្នុងម្នាក់ទទួលបាន ទឹកក្រូចដប០១កេស អាវយឺត០១ និងកញ្ចប់ នំពាទឹកសុទ្ធទឹកដោះ ០១ឈុត និងសូមជូនពរបងប្អូនឲ្យជួបប្រទះតែសេចក្តីសុខ សុភមង្គល ក្នុងគ្រួសារ មានសុខភាពល្អ ប្រកបការងារទទួលបាន ជោគជ័យ គ្រប់ៗគ្នា។