អហ.បន្ទាយមានជ័យ៖ព្រឹកថ្ងៃទី១ ខែគុម្ភះ ឆ្នាំ២០១៦ លោកវរះសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការ រងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីឯកឧត្ដម លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ និងក្រុមការងារជាច្រើននាក់ទៀតបាននាំយកអំណោយមានដូចជាគ្រឿងឧបភោគ បរិភោគមួយចំនួនធំនិងរទេះរុញមួយគ្រឿង ដែលជាអំណោយរបស់អង្គភាពកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ យកទៅជូនស្ត្រីមេម៉ាយម្នាក់ដែលឈឺពិការជើងទាំងគូរដេកនៅនឹងកន្ទេលរស់នៅក្នុងភូមិជំទាវ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ ក្នុងពិធីចែកអំណោយនោះលោកវរ:សេនីយ៍ឯក ស ប៊ុនសឿង បាននិយាយថាស្ត្រីពិការដែលបានទទួលអំណោយពីអង្គភាពអាវុធហត្ថនោះមានឈ្មោះ ប៉ុល និន អាយុ៧១ឆ្នាំ ប្តីរបស់គាត់ធ្លាប់ធ្វើជាមេភូមិបំរើប្រជាពលរដ្ឋក្នុងភូមិជំទាវនេះបានជាច្រើនឆ្នាំមកហើយតែសព្វថ្ងៃនេះប្តីរបស់គាត់បានស្លាប់ជាច្រើនឆ្នាំមកហើយ អ្នកមីងពិការនេះគាត់ពុំមានផ្ទះសំបែងទេ សព្វថ្ងៃគាត់រស់នៅផ្ទះជាមួយកូន។ លោកវរ:សេនីយ៍ឯក ស ប៊ុនសឿង បានបញ្ជាក់ទៀតថាកាលពីជាង១០មុនគាត់រស់នៅជាមួយប្តីបានសុខសប្បាយណាស់មានផ្ទះរស់នៅយ៉ាងសុខដុមរមនាជាមួយប្តីនិងកូនលុះប្តីធ្លាក់ខ្លួនឈឺរហូតដល់ស្លាប់ទ្រព្យសម្បត្តិនិងផ្ទះត្រូវលក់មើលជម្ងឺប្តីអស់ ពេលនោះគាត់ក៏ធ្លាក់ខ្លួនឈឺជម្ងឺទឹកនោមផ្អែមបន្តទៀតរហូតមកដល់សព្វថ្ងៃនេះ ។ លោកវរ:សេនីយ៍ឯក ស ប៊ុនសឿង បានបញ្ជាក់ទៀតថា ដោយមើលឃើញអ្នកម៉ីង ប៉ុល និន កាន់តែជួបការលំបាកក្នុងការហូបចុកនិងការ ដើរទៅណាមកណាពុំបាននោះទើបលោកឧត្ដមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ចាត់ឲ្យលោកវរ:សេនីយ៍ឯក ស ប៊ុនសឿង នាំយកអំណោយមានជូចជារទេះរុញមួយ ថវិកា ៣០ម៉ឺន រៀល អង្ករ ទឹកសុទ្ធ ភួយ ចាន ឆ្នាំង ទឹកត្រី ទឹកស៊ីអ៊ីវ និងមានរបស់របរជាច្រើនមុខទៀតយកទៅចែកជូនអ្នកមីង ប៉ុល និន ផ្ទាល់ដៃនៅផ្ទះតែម្តង៕