ក្រចេះ៖ ព្រឹកថ្ងៃអង្គារ ០៤រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធខេត្តក្រចេះ បានរៀបចំពិធី ប្រជុំត្រួតពិនិត្យការអនុវត្ត តួនាទីភារកិច្ច ការងារកងរាជអាវុធប្រចាំខែមីនា និងដាក់ទិសដៅការងារខែមេសា ឆ្នាំ២០១៨ ។ ក្រោមអធិបតីភាព លោក ឧត្ដមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងកងរាជអាវុធខេត្តក្រចេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋាន ក្រុង/ស្រុក និងស្នាក់ការសន្តិសុខ ព្រមទាំងនាយ នាយរងអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត។
លោកវរសេនីយ៍ឯក ម៉ៅ រ៉ាន្នី មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធខេត្តក្រចេះ បានឡើងធ្វើបទអន្តរាគមន៍ អាននូវរបាយការណ៍ ការងារដែលអនុវត្តបាន រយៈពេលមួយខែកន្លងមក ។
លោកឧត្ដមសេនីយ៍ត្រី សាន្ត ប៊ុនថាន បានធ្វើការបូកសរុបលទ្ធផលការងារអនុវត្តបានប្រចាំខែមីនា និងដាក់ទិសដៅបន្តការងារខែមេសា ឆ្នាំ២០១៨ ។ឆ្លៀតឱកាសនេះដែលឧត្តមសេនីយ៍ បានធ្វើការពង្រឹងគោលជំហរ សតិអារម្មណ៍ ស្មារតី ដល់ នាយ នាយរង អាវុធហត្ថទាំងអស់ ក្នុងការបំពេញកិច្ចការ ដើម្បី រក្សាការពារ សន្តិសុខសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ នាពិធីបុណ្យចូលឆ្នាំថ្មីខាងមុខនេះ ។