ត្បូងឃ្មុំ៖ ព្រឹកថ្ងៃសុក្រ ០៦រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធខេត្តត្បូងឃ្មុំ បានរៀបចំពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច ការងារកងរាជអាវុធប្រចាំត្រីមាសទី១ និងដាក់ទិសដៅការងារឆ្នាំ២០១៨ ក្រោមអធិបតីភាព លោក ឧត្ដមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការកងរាជអាវុធខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋាន ក្រុង/ស្រុក និងស្នាក់ការសន្តិសុខ ព្រមទាំងនាយ នាយរងអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត។
លោកវរសេនីយ៍ឯក អ៊ាង ភារៈ មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធខេត្ត បានឡើងធ្វើបទអន្តរាគមន៍ អាននូវរបាយការណ៍ការងារដែលអនុវត្តបាន រយៈពេលបីខែកន្លងមក។ លោកឧត្ដមសេនីយ៍ត្រី វ៉ា សារិទ្ធ បានធ្វើការបូកសរុបលទ្ធផលការងារអនុវត្តបានប្រចាំត្រីមាសទី១ និងដាក់ទិសដៅបន្តការងារប្រចាំត្រីមាសទី២ ឆ្នាំ២០១៨។ឆ្លៀតឱកាសនេះដែរ លោកឧត្តមសេនីយ៍មេបញ្ជាការ បានធ្វើការពង្រឹងគោលជំហរ សតិអារម្មណ៍ ស្មារតី ដល់ នាយ នាយរង អាវុធហត្ថទាំងអស់ ក្នុងការបំពេញកិច្ចការ ដើម្បីរក្សាការពារ សន្តិសុខសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ នាពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ៕