ត្បូងឃ្មុំ៖ រសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨ នាយទាហាន នាយទាហានរង នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ត្រូវបានបំពាក់ឋានន្តរសក្តិ និងផ្លាស់ប្តូរមុខងារ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីសំណាក់អស់លោកមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង-ស្រុក ប្រធានស្នាក់ការសន្តិសុខទាំងអស់។
នាយទាហាន នាយទាហានរង ដែលត្រូវបំពាក់ឋានន្តរសក្តិមានចំនួន ៣៤រូប និងផ្លាស់ប្តូរមុខងារ ២៣រូប។ លោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ បានលើកឡើងថា កម្លាំងកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ មានកិត្តិយសត្រូវបានរាជរដ្ឋាភិបាល ក៏ដូចជា ក្រសួងការពារជាតិ បានសម្រេចដំឡើងឋានន្តរសក្តិ និងតួនាទីទៅតាមស្នាដៃ រួមទាំងការអនុវត្តរបស់បុគ្គលម្នាក់ៗ ឲ្យសាកសមជាអ្នកការពារ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋផងដែរ។ ជាមួយគ្នានោះដែរ លោកមេបញ្ជាការ បានក្រើនរំលឹកដល់នាយទាហាន នាយទាហានរងទាំងអស់ ដែលបានបំពាក់ឋានន្តរស័ក្កិនាថ្ងៃនេះ ត្រូវបន្តយកចិត្តទុកដាក់រាល់កិច្ចការដែលថ្នាក់លើបានដាក់ជូន បន្តការថែរក្សាសន្តិសុខ ពង្រឹងការអនុវត្តច្បាប់ដើម្បីផ្តល់ទំនុកចិត្តឲ្យប្រជាពលរដ្ឋ ជាពិសេសត្រូវការពារ ជាតិ សាសនា ព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពាររដ្ឋធម្មនុញ និងរក្សាបានសាមគ្គីភាពផ្ទៃក្នុងឲ្យបានរឹងមាំបំផុត៕