ភ្នំពេញ៖ ព្រឹកថ្ងៃអាទិត្យ ៨រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៨ ខែមេសាឆ្នាំ២០១៨ នៅសាលសវនាកាសេនាធិការដ្ឋាន នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ឯក វង្ស ពិសេន មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេសតំណាងដ៏ខ្ពង់ខ្ពង់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានទទួលស្វាគមន៍គណៈប្រតិភូយោធភូមិភាគទី៩ នៃកងទ័ពប្រជាជនវៀតណាម ដឹកនាំដោយ ឧត្តមសេនីយ៍ត្រី ហ៊ីញ ជៀនថាំង សមាជិកមជ្ឈឹមបក្សប្រធាននយោបាយយោធភូមិភាគទី៩ នៃកងទ័ពប្រជាជនវៀតណាម មកជូនពរអង្គភាពកងរាជអាវុធហត្ថក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
ឧត្តមសេនីយ៍ត្រី ហ៊ីញ ជៀនថាំង មានប្រសាសន៍ថា៖ ក្នុងនាមឯកឧត្តមជាប្រធានដឹកនាំគណៈប្រតិភូយោធភូមិភាគទី៩ នៃកងទ័ពប្រជាជនវៀតណាម និងមន្ត្រីកងទ័ពវៀតណាមទាំងអស់ សូមចូលរួមអបអរសាទរក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅថ្ងៃខាងមុខនេះ និងសូមជូនពរដល់ប្រជាជនកម្ពុជាជាពិសេសកងយោធពលខេមរភូមិន្ទ និងអង្គភាពកងរាជអាវុធហត្ថ ដែលប្រទេសយើងទាំងពីរបានសាមគ្គីភាពយ៉ាងស្អិតរមួតដូចបងប្អូន។ ឧត្តមសេនីយ៍ បានបញ្ជាក់ប្រាប់ លោកឧត្តមសេនីយ៍ឯក វង្សពិសេន ពីការរីកចំរើនរបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់ប្រជាជនកម្ពុជា និងក្រុមគ្រួសារកងយោធពលខេមរភូមិន្ទ ពិសេសអង្គភាពកងរាជអាវុធហត្ថទាំងអស់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលជារៀងរាល់ឆ្នាំ ប្រតិភូកងទ័ពប្រជាជនវៀតណាមគ្រប់ជាន់ថ្នាក់ ទាំងមន្ត្រីស៊ីរិល និងមន្ត្រីយោធា បានមកជូនពរដល់កម្ពុជា។ បន្ទាប់មកលោកឧត្តមសេនីយ៍ឯក វង្ស ពិសេន បានមានប្រសាសន៍លើកឡើងពីការទំនាក់ទំនងនូវសាមគ្គីភាពយ៉ាងជិតស្និត រវាងប្រជាជនវៀតណាម និងប្រជាជនកម្ពុជា កងទ័ពវៀតណាម កងទ័ពកម្ពុជា ក្នុងនោះកងរាជអាវុធហត្ថបានសាមគ្គីយ៉ាងល្អ។ ហើយកងរាជអាវុធហត្ថដែលនៅជាប់ព្រំប្រទល់ខេត្តនានា បានរាប់អានគ្នាប្រៀបដូចបងប្អូន ពេលណាមានអ្វីកើងឡើងកម្លាំងសមត្ថកិច្ចវៀតណាម និងសមត្ថកិច្ចកងរាជអាវុធហត្ថកម្ពុជា តែងតែបានសហការគ្នាជានិច្ច។ ជាចុងក្រោយប្រធានគណៈប្រតិភូក៏បានប្រគល់វត្ថុអនុស្សាវរីយ៍ជូនដល់ លោកឧត្តមសេនីយ៍ឯក វង្ស ពិសេន មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសផងដែរ៕