You are currently viewing ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត ជាអធិបតីក្នុងពិធី ប្រកាសមុខងារ និងបំពាក់ឋានន្តរសក្តិ

ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត ជាអធិបតីក្នុងពិធី ប្រកាសមុខងារ និងបំពាក់ឋានន្តរសក្តិ

សៀមរាប៖ នៅព្រឹកថ្ងៃច័ន្ទ ០៩រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រីប៉ោ វណ្ណនិត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រកាសមុខងារ និងបំពាក់ឋានន្តរសក្តិ ជូនដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តសៀមរាប ដែលប្រព្រឹត្តទៅនៅក្នុងបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប។

លោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត បានមានប្រសាសន៍ថា៖ ក្រោមការដឹកនាំរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើឲ្យអង្គភាពកងរាជអាវុធហត្ថ ក្លាយជាស្ថាប័នការពារនិងអនុវត្តច្បាប់ ប្រកបដោយវិន័យសណ្តាប់ធ្នាប់ សីលធម៌ គុណធម៌ និងការគោរពសិទ្ធិមនុស្ស ទទួលបានការកោតសរសើរ និងគាំទ្រពីប្រជាជន មហាជន ជាពិសេសការជឿជាក់ពីថ្នាក់ដឹកនាំទូទាំងប្រទេស។ ហើយជោគជ័យដ៏ត្រចេះត្រចង់ទាំងនេះ គឺពិតជាមិនអាចខ្វះបាន នូវការរូបរួមសាមគ្គី និងឆន្ទៈនៃការលះបង់ របស់អាវុធហត្ថយើងម្នាក់ៗ បានឡើយ។

ដោយឡែកចំពោះ អង្គភាពកងរាជអាវុធហត្ថខេត្តសៀមរាប ក៏បានចូលរួមលះបង់កម្លាំងកាយ កម្លាំងចិត្ត ពេលវេលាផ្ទាល់ ខ្លួននិងគ្រួសារ បំពេញការងារទាំងយប់ទាំងថ្ងៃ ទាំងការកសាងអង្គភាព ការបង្កា ទប់ស្កាត់ បង្ក្រាប រាល់បទល្មើស ការចូលរួមការពារសុវត្ថិភាពជូនថ្នាក់ដឹកនាំក៏ដូចជាប្រតិភូជាតិអន្តរជាតិ ការការពារសន្តិសុខសណ្តាប់ធ្នាប់គ្រប់កម្មវិធីបុណ្យជាតិ និងសាសនា ការជួយយកអាសារប្រជាពលរដ្ឋដែលជួបឧបទ្ទវហេតុគ្រោះថ្នាក់លើដងផ្លូវ ដោយការសង្គ្រោះបឋម ការជួយសម្រួល ចរាចរណ៍នៅកន្លែងកកស្ទះ ការជួយដឹកដៃសិស្សតូចៗឆ្លងផ្លូវទាំងម៉ោងចូលនិងចេញពីសាលា ការល្បាតនៅពេលយប់ដើម្បីរក្សាសន្តិសុខ សុវត្ថិភាពជូនពលរដ្ឋ និងការចូលរួមចលនាអនាម័យបរិស្ថាន គ្រប់ទីកន្លែងដែលអាវុធហត្ថឈរជើង រហូតទទួលបាន ការស្រឡាញ់ ជឿជាក់ គាំទ្រ កោតសរសើរ ពីស្រទាប់ ប្រជាជន មហាជន ព្រមទាំងទទួលបានការលើកទឹកចិត្តពីថ្នាក់ដឹកនាំជាបន្តបន្ទាប់ ជាក់ស្តែងដូចការផ្តល់កិត្តិយសតម្លើងឋានន្តរសក្តិ និងប្រកាសមុខងារនាថ្ងៃនេះជាដើម។

ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិតបានគូសបញ្ជាក់បន្ថែមថា នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តសៀមរាប ដែលទទួលបានកិត្តិយស តម្លើងឋានន្តរស័ក្តិនិងផ្លាស់ប្តូរមុខងារថ្មី ក្នុងដើមឆ្នាំ២០១៨នេះ សរុបមានចំនួន ១០៨នាក់។

លោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត បានផ្តាំផ្ញើដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តសៀមរាបទាំងអស់ សូមបន្ត ឆន្ទៈលះបង់ស្មោះត្រង់ទាំងនេះ បម្រើជាតិសាសនា ព្រះមហាក្សត្រ ទុកខ្លួនជាអ្នកបម្រើរាស្ត្រគ្រប់ពេលវេលា ត្រៀមអនុវត្តតាមបទបញ្ជាថ្នាក់លើ យកចិត្តទុកដាក់អនុវត្តតាមការណែនាំ ចង្អុលបង្ហាញ តម្រង់ទិស របស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស ឲ្យបានម៉ឹងម៉ាត់ ជាពិសេសត្រូវប្តូរផ្តាច់ ក្នុងការថែរក្សាសន្តិភាពនិងការអភិវឌ្ឍន៍ ដែលប្រទេសជាតិយើង កំពុងមានសព្វថ្ងៃ ឲ្យនៅគង់វង្ស រីកចម្រើនតទៅមុខជានិរន្តរ៍ និង ត្រូវលើកកំពស់ស្មារតី ស្រឡាញ់ ជឿជាក់ ស្មោះត្រង់ ប្តេជ្ញាការពារ នូវរាជរដ្ឋាភិបាលស្របច្បាប់ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន គ្រប់កាលៈទេសៈ មិនឲ្យមាន បដិវត្តពណ៌កើតឡើងជាដាច់ខាត។