រាជធានីភ្នំពេញៈ នៅវេលាម៉ោង១៤ និង០០នាទីរសៀល ថ្ងៃព្រហស្បតិ៍ ៩រោច ខែចេត្រ ឆ្នាំរកា នព្វសក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៨ ការិយាល័យ ហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំត្រួតពិនិត្យការងារ ជំនាញហិរញ្ញវត្ថុ ទូទាំងរាជធានី-ខេត្ត ប្រចាំខែមេសា និងទិសដៅបន្តប្រចាំខែឧសភា ឆ្នាំ២០១៨ ក្រោមអធិបតីភាព
លោកឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ នាយរងសេនាធិការ និងជា នាយការិយាល័យ ហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងដោយមានការអញ្ជើញចូលរួមពីសំណាក់ នាយ នាយរងការិយាល័យ ហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និង នាយការិយាល័យ ហិរញ្ញវត្ថុ តាមបណ្តារាជធានី-ខេត្ត និងនាយ នាយរង កងរាជអាវុធហត្ថ ដែលមានការពាក់ព័ន្ធជាច្រើនរូបផងដែរ
លោកឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ ក៏បានធ្វើការបូកសរុបការងារ និងបានដាក់ចេញនូវផែនការ បន្តដល់ បណ្តាជំនាញហិរញ្ញវត្ថុ តាមបណ្តារាជធានីខេត្ត រួមមានៈ
១. ពង្រឹងការបែងចែក អោយដល់ដៃ នាយ នាយរងកងរាជអាវុធហត្ថ ជាពិសេសប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ក្នុងឳកាសបុណ្យចូលឆ្នាំថ្មី ចំនួន៥មឺុនរៀល ត្រូវមានការចុះហត្ថលេខាក្នុងពេលទទួល
២. ហាមដាច់ខាត ការបើកប្រាក់បៀវត្ស ជាកញ្ចប់
៣. ហាមដាច់ខាត មានការចងការប្រាក់ផ្សេងៗ នៅតាមបណ្តាអង្គភាព
៤. ត្រូវកត់ចំលងរាល់បញ្ជីស្នាម អោយបានត្រឹមត្រូវ និងរៀងរាល់ខែ
៥. បណ្តាជំនាញ ត្រូវគ្រប់គ្រង និងរក្សាទុក ឯកសារ អោយបានគង់វង្ស ជៀសវាងការបាត់បង់។