ភ្នំពេញ៖ រសៀលថ្ងៃច័ន្ទ ៩រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ឯក ជា សារិន មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងដ៏ខ្ពង់ខ្ពស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញជាអធិបតីក្នុង ពិធីប្រកាសផ្លាស់ប្តូរមុខងារ និងបំពាក់ឋានន្តរសក្តិជូននាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថ។
លោកឧត្តមសេនីយ៍ឯក ជា សារិន បានមានប្រសាសន៍ថា ដោយមានការអនុញ្ញាតពី លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស ឱ្យធ្វើជាអធិបតីក្នុងពិធីប្រកាសផ្លាស់ប្តូរមុខងារនិងបំពាក់ឋានន្តរសក្តិ ដល់នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថ កងវរសេនាតូច និងកងអន្តរាគមន៍កងរាជអាវុធហត្ថលើផ្ទៃប្រទេស។
លោកឧត្តមសេនីយ៍ឯកបានបន្ថែមថា៖ នេះជាការយកចិត្តទុកដាក់ពីក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដល់កម្លាំងកង វរសេនាតូច និងកម្លាំងកងអន្តរាគមន៍ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានខិតខំបំពេញតួនាទី ភារកិច្ច មិនខ្លាចនឿយហត់ ហ៊ានធ្វើពលីកម្មគ្រប់បែបយ៉ាង ក្នុងការរួមចំណែកការពារសន្តិសុខសណ្តាប់ធ្នាប់សង្គម ដើម្បីបម្រើសេចក្តីសុខសាន្តជូនប្រជាជន និងសង្គមជាតិទាំងមូល និងស្របតាមកំណែទម្រង់នៃកងយោធពលខេមរភូមិន្ទ ពិសេសកំណែទម្រង់របស់កងរាជអាវុធហត្ថ តាមរចនាសម្ព័ន្ធថ្មីផងដែរ។ ក្នុងនាមលោកនាយឧត្តមសេនីយ៍ សៅ សុខា សូមសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្នាដៃ ដែលមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង នៃកងវរសេនាតូច និងកងអន្តរាគមន៍ កងរាជអាវុធហត្ថលើផ្ទៃប្រទេសគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ក្នុងការបំពេញតួនាទីភារកិច្ច និងបេសកកម្មរបស់ខ្លួន ប្រកបស្មារតីទទួលខុសត្រូវខ្ពស់ និងសម្រេចបានលទ្ធផលជាផ្លៃផ្កាគួរជាទីមោទនៈ ជូនជាតិមាតុភូមិនៃយើង។ ដោយមានការគាំទ្រពីគ្រប់មជ្ឈដ្ឋាន ចាត់ទុកកម្លាំងកងរាជអាវុធហត្ថ ជាកម្លាំងមួយផ្នែក ដែលមិនអាចខ្វះបានក្នុងការរួមចំណែកថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់និងពង្រឹងការអនុវត្ត ច្បាប់នៅ ព្រះរាជណាចក្រកម្ពុជា។ ក្នុងឱកាសនេះផងដែរ លោកឧត្តមសេនីយ៍ឯក ក៏បានលើកយកពីទស្សនៈ វិស័យ នាបច្ចុប្បន្ន និងទៅអនាគត របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា ក្នុងគ្រប់គ្រងនិងដឹកនាំកម្លាំងកងរាជអាវុធហត្ថ ធ្វើយ៉ាងណាឱ្យកងកម្លាំងកងរាជអាវុធហត្ថមានភាពរឹងមាំទាំងបរិមា ណនិងគុណភាព ដើម្បីរ៉ាប់រងភារកិច្ចដែលរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ប្រគល់ជូន។ ក្នុងនេះដែរ លោកឧត្តមសេនីយ៍ឯក បានផ្តាំផ្ញើដល់នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេសទាំងអស់ ត្រូវយកចិត្តទុកដាក់លើ តួនាទី ភារកិច្ច គោរពវិន័យ គោរពបទបញ្ជា ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម ឱ្យបានល្អប្រសើរ ពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ខាងមុខនេះ។ ត្រូវត្រៀមកម្លាំង មធ្យោបាយ សម្ភារៈ ជួយសង្រ្គោះប្រជាពលរដ្ឋ ក្នុងពេលជួបគ្រោះមហន្តរាយផ្សេងៗ ជាយថាហេតុ ត្រូវបន្តយកចិត្តទុកដាក់អប់រំ ហ្វឹកហ្វឺនជំនាញវិជ្ជាជីវៈ ជាប់ជាប្រចាំ ដល់កម្លាំងរបស់ខ្លួន ដើម្បីបង្កើនប្រសិទ្ធភាពក្នុងពេលប្រតិបត្តិការ និងជំរុញឱ្យមានមនសិកា ស្នេហាជាតិ មានជំនឿលើការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងកងយោធ ពលខេមរភូមិន្ទ។