អហ.បន្ទាយមានជ័យ៖ យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះមានឈ្មោះធឹម ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានធ្វើការប្តឹងទៅលើឈ្មោះ ហោ ការ៉ាន់ ភេទប្រុស អាយុ២៣ឆ្នាំ និងឈ្មោះតុប ផេង ភេទប្រុសអាយុ២៣ឆ្នាំ រស់នៅក្នុងភូមិជាមួយគ្នាពីបទប្រើអំពើហិង្សមកលើខ្លួនបណ្តាលឲ្យរងរបួសធ្ងន់ត្រូវបានអាវុធហត្ថធ្វើការឃាត់ខ្លួនរួចបញ្ជូនមកអាវុធហត្ថខេត្តដើម្បីសាកសួរ។ លោកវរៈសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បាននិយាយថាមុនពេលកើតហេតុនៅវេលាម៉ោង៩យប់ថ្ងៃទី១២ ខែកុម្ភះ ឆ្នាំ២០១៦ នៅចំណុចផ្ទះលក់គ្រឿងសំណង់ គង់គឹមទីក្នុងភូមិទឹកថ្លា សង្កាត់ទឺកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ជនរងគ្រោះនិងជនបង្កបាននាំគ្នាផឹកស៊ីនៅក្នុងផ្ទះលក់សំណង់មានគ្នាចំនួន៥នាក់ក្នុងនោះមានមនុស្សចាស់ម្នាក់ផង។លោកម៉ែន ភិរម្យ បានបញ្ជាក់ទៀតថាក្រោយពេលបានផឹកស៊ីយ៉ាងសប្បាយហើយចាស់ក្នុងវង់ផឹកស៊ីនោះបានឲ្យជនល្មើសចាក់ស្រាឲ្យផឹកពេលនោះជនល្មើសបាននិយាយថាអញ់មិនចាក់ឲ្យអាឯងផឹកទេស្របពេលនោះជនរងគ្រោះបាននិយាយទៅកាន់ជនល្មើសថាអាឯងម្តេចហៅគាត់ អាអញ្ចឹងព្រោះគាត់អាចបង្កើតក្បាលអាឯងបានពេលនោះជនបង្កខឹងយ៉ាងខ្លាំងក៏ហក់ទៅដាល់ជនរងគ្រោះយ៉ាងសាហាវពេលនោះជនល្មើសម្នាក់ទៀតបានហក់ទៅជួយវាយជនរងគ្រោះបន្ថែមទៀតធ្វើឲ្យជនរងគ្រោះតដៃមិនបានត្រូវរបួសពេញខ្លួនប្រាណស្ទើរសន្លប់នៅនិងកន្លែងកើតហេតុពេលនោះត្រូវបានម្ចាស់ផ្ទះដឹកទៅមន្ទីរពេទ្យដើម្បីជួយសង្រ្គោះពេលជនរងគ្រោះដឹងខ្លួនក៏មកដាក់ពាក្យបណ្តឹងនៅកងរាជអាវុធហត្ថតែម្តងក្រោយពីកើតហេតុរួចជនល្មើសគេចខ្លួនបាត់។លោកម៉ែន ភិរម្យ បានដឹកនាំអាវុធហត្ថមួយក្រុមចុះស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនល្មើសបាននៅវេលាម៉ោង ៩ព្រឹកថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០១៦ នៅចំណុច ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យរួចយកមកទីបញ្ជាការអាវុធហត្ថខេត្តដើម្បីសួនាំ។បើតាមចម្លើយសារភាពរបស់ជនសង្ស័យបានឆ្លើយសារភាពថាខ្លួនទាំង២នាក់ពិតជាបានវាយទៅលើជនរងគ្រោះពិតប្រាកដមែន ដោយជនរងគ្រោះវាយទៅលើបក្សពួកខ្លួនមុន។ដោយបានចម្លើយសារភាពរបស់ជនសង្ស័យទាំង២នាក់នោះរួចមកអាវុធហត្ថបានកសាងសុំណុំរឿងបញ្ជូនទៅតុលាការដើម្បីដាក់ទោសទៅតាមផ្លូវច្បាប់៕