បន្ទាយមានជ័យ៖ ព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តន៍តួនាទី ភារកិច្ចការងារកងរាជអាវុធហត្ថ ប្រចាំខែមេសា និងលើកទិសដៅខែឧសភា ឆ្នាំ២០១៨ និងពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខងារ និងបំពាក់ឋានន្តរសក្តិជូនដល់នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថ ចំនួន ២០០នាក់ ។
ក្នុងកិច្ចប្រជុំនោះដែរ លោកមេបញ្ជាការ បានមានប្រសាសន៍ថា៖ ថ្ងៃនេះជាមោទនភាពរបស់កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដោយបានការផ្តល់ទំនុកចិត្តពីសំណាក់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ បញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ខេត្តយើងទទួលបានការតែងតាំងផ្លាស់ប្តូរមុខងារ ចំនួន ៣៦នាក់ ក្នុងនោះមានថ្នាក់មេបញ្ជាការរងខេត្ត ០១នាក់ និងបំពាក់ឋានន្តរសក្តិជូននាយទាហាន និងនាយទាហានរងចំនួន ១៦៤នាក់ ។
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មានប្រសាសន៍បន្តថា៖ ការទទួលបាននូវមុខងារ និងឋានន្តរសក្តិថ្ងៃនេះ គឺជាការលើកទឹកចិត្តជូនអស់លោក ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ច និងមានស្នាដៃល្អក្នុងការអនុវត្តន៍តួនាទី-ភារកិច្ច កន្លងមក ។ បន្ទាប់ពីការផ្តល់ទំនុកចិត្តពីសំណាក់ថ្នាក់ដឹកនាំរួចហើយ សូមអស់លោកត្រូវយកចិត្តទុកដាក់អនុវត្តតួនាទី-ភារកិច្ច និងគោរពតាមការណែនាំ និងបទបញ្ជារបស់ថ្នាក់លើ ដោយស្មារតីទទួលខុសត្រូវខ្ពស់ ខិតខំប្រឹងប្រែងបំពេញភារកិច្ចជូនជាតិ និងប្រជាជន ជាពិសេស ត្រូវស្មោះត្រង់ចំពោះព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់ ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ។