កណ្តាល៖ នៅវេលាម៉ោង១០ និង០០នាទី ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ មានករណីធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស (ដុតឈើកៅស៊ូក្នុងរោងចក្រ) មួយកើតឡើងនៅចំណុចក្នុងរោងចក្រ “ប្រាយវ៉េរ” ផលិតឈើកៅស៊ូ) ស្ថិតក្នុងភូមិទឹកជា ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល។ បង្កដោយជនសង្ស័យឈ្មោះ កែវ រតនៈ ហៅ ចែហ្គិច ភេទស្រី អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ (ត្រូវជាប្រពន្ធ) បានបើករថយន្តមួយគ្រឿង ម៉ាកលុចសីស ៥៧០ ស៊េរីឆ្នាំ២០១៧ មកក្នុងរោងចក្រខាងលើ ជារបស់ក្រុមហ៊ុនដែលមានម្ចាស់ឈ្មោះ ហុង មុងហេង ភេទប្រុស អាយុ៥៨ ឆ្នាំ ស្នាក់នៅសំណង់១២ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ត្រូវជាប្តី) ហើយធ្វើកម្មភាពយកសាំងមកចាក់រួចដុតបង្កជាអគ្គីភ័យ និងបានសម្លុតគំរាមមិនឲ្យអ្នកណាចូលពន្លត់ឡើយ បណ្តាលឲ្យឆេះខូចខាតអស់ឈើមួយចំនួន។
-បន្ទាប់ពីធ្វើសកម្មភាពរួច ជនសង្ស័យបានជិះរថយន្តចេញបាត់។
-ពេលអគ្គីភ័យកំពុងឆាបឆេះកម្លាំងអន្តរាគមន៍របស់មូលដ្ឋានកងរាជអាវុធហត្ថស្រុកអង្គស្នួល សហការជាមួយកំលាំងនគរបាលស្រុក ប៉ុស្ដិ៍ពើក ប៉ុស្ដិ៍ឆក់ឈើនាង ប្រជាការពារទាំង០២ឃុំ នឹងប្រជាពលរដ្ឋបានជួយពន្លត់ភ្លើងឆេះ នៅចំណុចខាងលើ ដោយប្រើរថយន្តពន្លត់អគ្គីភ័យរបស់ទ័ពឆ័ត្រយោង៩១១ អស់ចំនួន០២គ្រឿង និងរបស់កងពលតូចលេខ៧០ ចំនួន០៦គ្រឿង បានរលត់ជាស្ថាពរ ។
សម្ភារៈខូចខាតរួមមាន៖
-ឃ្លាំងទំហំ ៣០×៦៥ ម៉ែត្រ ស្មើនឹង ១៩៨០ការ៉េ មានដាក់ឈើកៅស៊ូពេញឃ្លាំង ខូចខាតឈើកៅស៊ូចំនួន ២០គូប។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល សហការណ៍ជាមួយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញចាប់ឃាត់ខ្លួន និងបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី។