ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំ នាយអាវុធក្រោមឱវាទចុះសួរសុខទុក្ខ លោកអនុសេនីយ៍ត្រី ជា ខេមរិន្ទ ជំនួយការការិយាល័យបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលជួបឧប្បទ្ទវហេតុ ធ្លាក់ពីលើអាគារជាន់ទី២ ព្រោះតែឡើងជួសជុលផ្ទះហើយងងឹតមុខ ធ្លាក់ចុះមក បណ្តាលឲ្យដាច់សរសៃរខួរក្បាល កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាននាំយកថវិកាដែលបានមកពីការកៀងគរពីបងប្អូនគ្រួសារអាវុធហត្ថរាជធានីភ្នំពេញចំនួន ៥.០០០ដុល្លារ រួមជាមួយទឹកបរិសុទ្ធ០៤កេស, ទឹកក្រូចដប ០២កេស និងទឹកដោះគោ ០១កេស ផ្តល់ជូនដល់លោក ជា ខេមរិន្ទ និងគ្រួសារ ទុកជាការចែករំលែកជួយសម្រាលបន្ទុកគ្នាទៅវិញទៅមក ក្នុងនាមគ្រួសារអាវុធហត្ថ។
ព្រមជាមួយគ្នានោះ លោកឧត្តមសេនីយ៍ឯក ក៏បានជួយឧបត្ថម្ភអ្នកជម្ងឺម្នាក់ផ្សេងទៀត មកពីស្រុករំដួល ខេត្តស្វាយរៀង ដែលកំពុងសម្រាកព្យាបាលក្នុងបន្ទប់ជាមួយលោក ជា ខេមរិន្ទ ដែរនោះ ដោយបានជូនជាអំណោយដល់គាត់មានថវិកា ២០០ដុល្លារ, ទឹកសុទ្ធ០១កេស និងទឹកដោះគោ ០១កេស ផងដែរ។