ខ្ញុំបាទឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស
សូមជម្រាបជូនសាធារណជនជ្រាបថា នៅថ្ងៃចន្ទ ទី៣០ ខែមេសា ឆ្នាំ២០១៨ មានAccount Facebook ឈ្មោះ ព្រាប សរ បានលើកឡើង comment ក្នុង Page ថ្នាក់ដឹកនាំថា “សូមមើលអាវុធហត្ថខេត្តកំពង់ស្ពឺផងសម្តេច ពុករលួយកាន់៣ឆ្នាំ ទិញផ្ទះ៣៥ ម៉ឺនដុល្លា កាត់លុយកូនទាហា ស្រេចតែចិត្ត ដោយយកលេសថាមូនិធិនេះ មូនិធិនេះ ប្រាក់ខែមួយខែចូលមិនគ្រាន់ផង”។ ខ្ញុំបាទសូមអរគុណនិងទទួលយកការផ្តល់ព័ត៌មាន ក៏ដូចជាការរិះគន់មកអង្គភាពយើងខ្ញុំ ក្នុងន័យស្ថាបនា ធ្វើឱ្យកងរាជអាវុធហត្ថកាន់ទទួលបាននូវការទុកចិត្តពីសំណាក់សាធារណជន។
ដោយទទួលបានបទបញ្ជាពីលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ខ្ញុំបាទបានសួរនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺដោយផ្ទាល់ ដែលកំពុងទទួលការអប់រំរៀនសូត្រនៅបញ្ជាការដ្ឋានតែម្តង។ ខ្ញុំបាទបានសួរពួកគាត់ទាំងសិក្ខាកាមពេលព្រឹក និងពេលរសៀលសរុបចំនួនប្រមាណ១៦០នាក់ អំពីការកាត់ប្រាក់ខែ ពួកគាត់បានឆ្លើយដោយស្មោះត្រង់ថា អត់មានកាត់ប្រាក់ខែទេ។ (មានរូបភាពជាវីដេអូបង្ហាញជូនខាងក្រោម)
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំបាទសូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា លោក នាយឧត្តមសេនីយ៍ សៅ សុខា តែងតែណែនាំ រំលឹកដាស់តឿនដល់មេបញ្ជាការគ្រប់លំដាប់ថ្នាក់ក្នុងកងរាជអាវុធហត្ថ ហាមកាត់គោលរបបរបស់ទ័ព ជាពិសេសប្រាក់ខែ លើសពីនេះទៀត គឺបានជំរុញលើកទឹកចិត្តឱ្យបំពេញបន្ថែមលើគោលរបបរបស់រដ្ឋដូចជាការហូបឆ្អែតអនាម័យ។ល។
ជាមួយគ្នានេះ កងរាជអាវុធហត្ថបានរួមចំណែកយ៉ាងសំខាន់នៅក្នុងសង្គមដោយបានមូលមតិជាឯកច្ឆន្ទបង្កើតមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ដើម្បីប្រមូលថវិកាចូលបុណ្យសពតាមសទ្ធាជួយរំលែកទុក្ខដល់គ្រួសារសពនៃកងរាជអាវុធហត្ថដែលពលី មរណៈ។ ការបង្កើតមូលនិធិនេះ គឺជាគំនិតផ្តួចផ្តើមរបស់លោក នាយឧត្តមសេនីយ៍ សៅ សុខា ហើយមានការចូលរួមគាំទ្រពីសំណាក់នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថ ដោយបង្កើតគ្រុបក្នុងប្រព័ន្ធ Whatsapp ហើយនៅពេលមានអាវុធហត្ថពលី មរណៈ ក្រុមការងារបានប្រកាសក្នុងគ្រុបនោះ សមាជិកដែលមានឈ្មោះបានចូលថវិកាបុណ្យតាមសទ្ធាមិនមានការបង្ខិតបង្ខំទេ។ លោក នាយឧត្តមសេនីយ៍ សៅ សុខា បានចូលបុណ្យក្នុងមួយសព៥លានរៀល ហើយនាយទាហាន នាយទាហានរងក៏បានចូលបុណ្យបន្តបន្ទាប់តាមសទ្ធា។ ការប្រមូលថវិកាបុណ្យសពនេះ ចាប់ផ្តើមក្នុងខែមេសា ឆ្នាំ២០១៧ មកដល់ពេលនេះរយៈពេល១ឆ្នាំហើយ ក្នុងសពមួយប្រមូលបានចាប់ពីជាង៣០លានរៀលដល់៧០លានរៀល។ ថវិកានេះ បានជួយដោះស្រាយដល់គ្រួសារសពក្នុងការចំណាយធ្វើបុណ្យសពតាមប្រពៃណីសាសនានិងពិធីកងទ័ព ព្រមទាំងជួយដោះស្រាយដល់ជីវភាពក្នុងគ្រួសារផងដែរ។
ជាចុងក្រោយ ខ្ញុំបាទសូមជម្រាបជូនសាធារណជនថា នៅក្នុងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ពុំមានការកាត់លុយកូនទាហាន និងមិនមានការបង្ខិតបង្ខំ នាយទាហាន នាយទាហានរង ឱ្យចូលរួមមូលនិធិទេ គឹចូលបុណ្យតាមសទ្ធា ក្នុងនាមជាមហាគ្រួសារកងរាជអាវុធហត្ថ។