ព្រៃវែង៖ អនុវត្តន៍តាមគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឱ្យថ្នាក់ដឹកនាំអាវុធហត្ថគ្រប់រូបយកចិត្តទុកដាក់ដល់មន្ត្រីក្រោមឱវាទ ទាំងការស្លៀកពាក់ ស្នាក់នៅ ហូបចុក និងអំពីសុខទុក្ខ ជាក់ស្តែងនៅព្រឹក ថ្ងៃព្រហស្បតិ៍ ៤រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៨ ក្រុមការងារកងរាជអាវុធហត្ថខេត្តព្រៃវែង ដឹកនាំដោយលោកវរសនីយ៍ឯក គឹម ផានី មេបញ្ជាការរង ទទួលការងារយុត្តិធម៌ តំណាងឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានដឹកនាំមន្ត្រីក្រោមឱវាទ អញ្ជើញចុះសួរសុខទុក្ខលោកស្រីអនុសេនីយ៍ត្រី ឆាយ រ៉ាឌី ជំនួយការការិយាល័យ បទល្មើសគ្រឿងញៀន មន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តព្រៃវែង ដែលទើបសម្រាលកូន នឹងកំពុងសម្រាកនៅគ្លីនិច ឡេង ពីនី ខេត្តព្រៃវែង ។
ក្នុងពេលសាកសួរសុខទុក្ខនោះផងដែរលោកវរសនីយ៍ឯក គឹម ផានី ក៏បាននាំយកនូវថវិការបស់លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការចំនួន ១.០០០.០០០ រៀល, ទឹកដោះគោឆៅ ០២យួរ, ទឹកផ្លែឈើ ០១ កេស និងទឹកបរិសុទ្ធ ០១ កេសផងដែរ ។ លោកស្រីអនុសេនីយ៍ត្រី ឆាយ រ៉ាឌី បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំកងរាជអាវុធហត្ថគ្រប់រំដាប់ថ្នាក់ ដែលតែងតែយកចិត្តទុកដាក់ដល់មន្ត្រីក្រោមឱវាទទាំងអស់ ធ្វើឱ្យមន្ត្រីក្រោមឱវាទយកអស់កម្លាំងកាយចិត្តអនុវត្តនូវតួនាទីភារកិច្ច និងការងារ មានការទទួលខុសត្រូវខ្ពស់ គោរពតាមបទបញ្ជា គោរពតាមការចាត់តាំងរបស់ថ្នាក់ដឹកនាំ ដើម្បីបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល និងសូមជូនពរថ្នាក់ដឹកនាំកងរាជអាវុធហត្ថគ្រប់លំដាប់ថ្នាក់ ទទួលបាននូវពុទ្ធពរទាំងប្រាំប្រការ គឺអាយ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។