ព្រៃវែង៖ នៅរសៀលថ្ងៃចន្ទ ៨រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ នៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកមេសាង បានធ្វើពិធីប្រកាសតែងតាំង ផ្លាស់ប្តូរមុខងារ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកមេសាង ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី ចេង ម៉ាច មេបញ្ជាការរង ទទួលការងារកសាងកម្លាំង តំណាងលោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង លោក កែវ ពិសី អភិបាល នៃគណៈអភិបាលស្រុកមេសាង ជាអធិបតី ដែលមានវត្តមានអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី អភិបាលរងស្រុក ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក ទាំង ១៣ ប្រធានស្នាក់ការសន្តិសុខ ទាំងពីរ អធិការ អធិការរង នាយប៉ុស្តិ៍នគរបាល រដ្ឋបាលគ្រប់ឃុំ ផ្នែកសឹករងស្រុក ប្រធានការិយាល័យជុំវិញស្រុក លោកមេឃុំ ជាច្រើនរូបទៀត ។
ក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការរង មានប្រសាសន៍ថា ៖ ការផ្លាស់ប្តូរមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកមេសាង នៅពេលនេះ មិនមែនមានន័យថា លោកមានកំហុសឆ្គងនោះទេ គឺជាការផ្លាស់ប្តូរបទពិសោធន៍ការងារគ្នាទៅវិញទៅមក ក្នុងធ្វើការងារជូនអង្គភាព ហើយលោកមេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថស្រុក ដែលទើបនឹងតែងតាំងថ្មី ត្រូវខិតខំបន្តកសាងបន្ទាយជំរុំជម្រកស្នាក់នៅរបស់មូលដ្ឋាន កងរាជអាវុធហត្ថរិទ្ធតែល្អប្រសើរ និងរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងមូលដ្ឋានឱ្យបានល្អប្រសើរ ដើម្បីផ្តល់ទំនុកចិត្ត ភាពកក់ក្តៅជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។