You are currently viewing លោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល អញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្លាស់ប្តូរមុខងារ មេបញ្ជាការមូលដ្ឋានកងរាជអាវុធអាវុធហត្ថស្រុកកែវសីម៉ា

លោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល អញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្លាស់ប្តូរមុខងារ មេបញ្ជាការមូលដ្ឋានកងរាជអាវុធអាវុធហត្ថស្រុកកែវសីម៉ា

មណ្ឌលគិរី៖  ព្រឹកថ្ងៃអង្គារ ៩រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធអាវុធហត្ថខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខងារ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកកែវសីម៉ា។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោក នួន សារ៉ន អភិបាលនៃគណៈអភិបាលស្រុកកែវសីម៉ា កងកម្លាំងប្រដាប់អាវុធទាំងបី និងមន្ត្រីរាជការ ជាច្រើនរូបទៀត។
លោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល បានមានប្រាសាសន៍ថា មេបញ្ជាការដែលបានប្រកាសផ្លាស់ប្តូរមុខងារនាពេលនេះ ត្រូវខិតខំ រក្សាការពារ សន្តិសុខ សុវត្ថិភាព ក្នុងមូលដ្ឋាន ឱ្យបានល្អប្រសើរ និងគោរពបទបញ្ជាថ្នាក់លើ បន្តកិច្ចសហការល្អ មានសាមគី្គឯកភាពផ្ទៃក្នុង ដើម្បីទប់ស្កាត់រាល់បទល្មើស ការពារសន្តិសុខសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងសង្គមជាតិ។
លោកឧត្តមសេនីយ៍បានបន្តថា ការផ្លាស់ប្តូរមុខងារនាពេលនេះមិនមែនមានន័យថា មេបញ្ជាការមុនអនុវត្តការងារមិនបានល្អនោះទេ តែនេះគឺជាការសម្រេចរបស់ថ្នាក់លើ ដើម្បីបុគ្គលនីមួយៗ មានបទពិសោធន៍ពីកន្លែងមួយទៅកន្លែងមួយទៀត។ លោកឧត្តមសេនីយ៍ក៏បានផ្តាំផ្ញើដល់មេបញ្ជាការ មេបញ្ជាការរង នាយ-នាយរង និងអាវុធហត្ថទាំងអស់ ត្រូវស្មោះត្រង់ចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ត្រូវគោរពបទបញ្ជាដែលថ្នាក់លើប្រគល់ជូន ត្រូវចេះស្រឡាញ់រាប់អានប្រជាពលរដ្ឋ ផ្តល់ភាពជឿជាក់ដើម្បីឱ្យប្រជាពលរដ្ឋបានកក់ក្តៅ និងត្រូវម៉ឺងម៉ាត់ចំពោះការអនុវត្តតួនាទីភារកិច្ច ជាពិសេស បន្តកិច្ចសហការចូលរួមទប់ស្កាត់រាល់បទល្មើសគ្រប់ប្រភេទឲ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បី រក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ៕