បន្ទាយមានជ័យ៖ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ២២ និង ០០នាទី នៅចំណុចផ្សារត្រី ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការបង្រ្កាបករណី លួច និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ ។ ក្រោយពីបានទទួលពាក្យបណ្តឹងពីឈ្មោះ លន់ វណ្ណេត ភេទ ប្រុស អាយុ ៣២ឆ្នាំ បច្ចុប្បន្នរស់នៅភូមិសាមគី្គមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត និងពាក្យបណ្តឹងរបស់ឈ្មោះ លឹម ប៊ុនអ៊ុយ បច្ចុប្បន្នរស់នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត និងដោយអនុវត្តតាមការណែនាំរបស់លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារអមសាលដំបូងខេត្ត លោកបានដឹកនាំកម្លាំងចុះធ្វើការស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យ រហូតឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ ដែលមានឈ្មោះ ជា ម៉ែន ភេទ ប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។
បន្ទាប់ពីធ្វើការឃាត់ខ្លួន និងសាកសួរចម្លើយ ជនសង្ស័យខាងលើបានសារភាពថា៖ នៅវេលាម៉ោងប្រមាណ ២១ និង ០០នាទី ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៨ ខ្លួននិងបក្សពួក ០២នាក់ទៀត ១-ឈ្មោះ យៀ ភេទប្រុស អាយុ ២៧ឆ្នាំ ២-ឈ្មោះ គុយ ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅចំណុចស្តង់អេតចាយ ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានបបួលគ្នាទៅលួចឥវ៉ាន់នៅផ្សារត្រី ពេលចូលដល់ក្នុងផ្សារ ខ្លួននិងបក្សពួកបានចែកផ្លូវគ្នាដើម្បីដើរលួច ពេលនោះខ្លួនលួចបានរទេះរុញឥវ៉ាន់ ០១គ្រឿង និងបក្សពួកខ្លួន ០២នាក់ទៀត លួចបានទឹកក្រូច និងម៉ាស៊ីនទឹកក្រឡុក ០១គ្រឿង ហើយបានអោយខ្លួន (ជា ម៉ែន) យករទេះដែលលួចបាន មកដឹកដឹកឥវ៉ាន់របស់បក្សពួក ហើយរុញចេញមកខាងក្រៅផ្សារ ក្រោយមកត្រូវបានកម្លាំងអាវុធហត្ថឃាត់ខ្លួនតែម្តង ។ ដោយផ្អែកតាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើ លោកបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ។ ចំណែកបក្សពួកជនសង្ស័យ ០២នាក់ទៀត បានរត់គេចខ្លួនបាត់ បច្ចុប្បន្នកម្លាំងកងរាជអាវុធហត្ថកំពុងស្រាវជ្រាវតាមចាប់ខ្លួន ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ។
ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារយុត្តិធម៌ បានចាត់តាំងមន្ត្រីជំនាញ ដើម្បីចាត់ការបន្តតាមនីតិវិធី ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ បានបញ្ជាក់ថា ៖ ផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ យោងតាមរបាយការណ៍របស់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត និងយោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ឃើញមានភាពស៊ីសង្វាក់គ្នា ដែលអាចកំណត់ពីពិរុទ្ធបានយ៉ាងជាក់លាក់ ជនសង្ស័យខាងលើ អាចត្រូវចោទពីបទ (លួច) កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង ទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី ។