អហ.បន្ទាយមានជ័យ៖ ជនសង្ស័យមានចំនួន៣នាក់មានអ្នកទិញនិងអ្នកលក់ត្រូវបានកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននិងបញ្ជូនទៅតុលាការពីបទលួចជ័រកៅស៊ូខ្មៅចំនួន៤៣ពុយនៅវេលាម៉ោង៣ល្ងាចថ្ងៃទី២៦ ខែកុម្ភះ ឆ្នាំ២០១៦ នៅចំណុចក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរិសោភ័ណ ខេត្តបន្ទាយមានជ័យ។ លោវរៈសេនីយ៍ត្រី ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវយុត្តិធម៌ បាននិយាយថា ជនសង្ស័យទាំង៣នាក់នោះមានឈ្មោះ១/នឿន សុខនីម ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរអ្នកបើករថយន្តឲ្យក្រុមហ៊ុនTINCO រស់នៅភូមិបាលិលេយ្យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ(ជាអ្នកលក់) ២/ឈ្មោះ ជា ចាន់រិទ្ធី ភេទ ប្រុសអាយុ៣៦ឆ្នាំ មុខរបរ ព្រូឡាន រស់នៅភូមិច្រាំងចំរេះ ខ័ណ្ឌឬស្សីកែវ រាជធានីភ្នំពេញ(ជាអ្នកលក់) ៣/ឈ្មោះ កុយ ឈុននី ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនសូរិន្ទខន់ត្រាក់សិន រស់នៅសង្កាត់ផ្សារដើមផ្កូវ ខ័ណ្ទចំការម៉ន រាជធានីភ្នំពេញ(ជាអ្នកទិញ)។ លោកវរ:សេនីយ៍ត្រី ព្រហ្ម ថេង បានបញ្ជាក់ទៀតថាយោងតាមពាក្យបណ្តឹងរបស់ក្រុមហ៊ុនTINCO ដឹកជ័រកៅស៊ូខ្មៅបានប្ដឹងទៅតុលាការថា មានជនសង្ស័យចំនួន២នាក់គឺតៃកុងឡាននិងព្រូឡាន បានលួចយកជ័រកៅស៊ូខ្មៅពីក្រុមហ៊ុនខ្លួនយ៉ាងច្រើនយកទៅលក់ឲ្យបុគ្គលិកក្រុមហ៊ុន សូរិន្ទខន់ត្រាក់សិន។ ក្រោយពីបានទទួលពាក្យបណ្តឹងពីក្រុមហ៊ុនTINCOរួចមកទើបលោក ផាន់ ភីរម្យ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ បង្គាប់អោយអាវុធហត្ថខេត្តចុះទៅឃាត់ខ្លួនអ្នកលក់និងអ្នកទិញ ទើបលោកវរ:សេនីយ៍ត្រី ព្រហ្ម ថេង ដឹកនាំកំលាំងអាវុធហត្ថចំនួន៤នាក់ចុះទៅដល់កន្លែងកើតហេតុរួចធ្វើការឃាត់ខ្លួនបានជនសង័្សយចំនួន៣នាក់និងរថយន្តដឹកជ័រកៅស៊ូខ្មៅមួយគ្រឿងនៅនិងកន្លែងកើតហេតុហើយបានបញ្ជូនមកទីបញ្ជាការកងរាជអាវុធហត្ថខេត្តដើម្បីធ្វើការសាកសួរ។នៅមុខអាវុធហត្ថជនសង្ស័យទាំង៣នាក់បានឆ្លើយសារភាពថាខ្លួនទាំង៣នាក់ពិតជាបានលួចជ័រកៅស៊ូខ្មៅរបស់ក្រុមហ៊ុនTINCOដឹកជ័រកៅស៊ូខ្មៅតាមរថយន្តពីប៉ោយទៅភ្នំពេញលុះមកដល់ ចំណុចភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខ្លួនតែងតែលួចបូមជ័រកៅស៊ូខ្មៅចេញពីរថយន្ត១ដង១តោនកៅស៊ូរួចយកកានដាក់ទឹកបំពេញឲ្យគ្រប់១តោនវិញទើបយកទៅថ្លឹងមិនបាត់ តែពេលលួចចុងក្រោយនេះត្រូវម្ចាស់ក្រុមហ៊ុនទាន់បានប្តឹងទៅតុលាការទើបតុលាការបញ្ជាអោយកងរាជអាវុធហត្ថឃាត់ខ្លួនតែម្តង។ក្រោយពីបានចំលើយសារភាពនិងមានផស្តុតាងគ្រប់គ្រាន់ ទៀតជនសង្ស័យទាំង៣នាក់ត្រូវបានកងរាជអាវុធហត្ថកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីដាក់ទោសទៅតាមផ្លូវច្បាប់៕