បន្ទាយមានជ័យ៖ នៅវេលាម៉ោង ១៣ និង ០០ នាទី ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចផ្លូវចូលឌីស្កូថាច់ដោនស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការបង្រ្កាបករណី ហឹង្សាដោយចេតនា មានស្ថានទម្ងន់ទោស និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់ ។
ដោយយោងបណ្តឹងរបស់ឈ្មោះ សុខ គឹមស៊ុន ភេទប្រុស អាយុ ៤២ឆ្នាំ ត្រូវជាឪពុករបស់ជនរងគ្រោះឈ្មោះ សុខ សុភារិទ្ធ ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិសាមគី្គមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត និងដោយទទួលបានការអនុញ្ញាតពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារអមសាលដំបូងខេត្ត លោកបានដឹកនាំកម្លាំងចុះធ្វើការស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យ រហូតឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់ រួមមាន ៖ ១-ឈ្មោះ ម៉ាន ដារ៉ា ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ២-ឈ្មោះ ណុប ចាន់ឧត្តម ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ៣-ឈ្មោះ អឿន សៀវឡុង ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។
ជនសង្ស័យទាំង ០៣នាក់បានសារភាពថាមុនពេលកើតហេតុក្រុមជនសង្ស័យ មានគ្នា ០៥នាក់ រួមមាន ៖ ឈ្មោះ ម៉ាន ដារ៉ា, ឈ្មោះ ណុប ចាន់ឧត្តម, ឈ្មោះ អឿន សៀវឡុងុ, ឈ្មោះ ឡែន និង ឡិ បានជិះម៉ូតូដើរលេងក្នុងបរិវេណកាស៊ីណូផ្កាយ៥ លុះជិះដល់ចំណុចមុខឌីស្កូថាច់ដោន ស្រាប់តែជនរងគ្រោះ (សុខ សុភារិទ្ធ) គប់ដុំថ្មមកលើបក្សពួករបស់ខ្លួន ត្រូវឈ្មោះ ម៉ាន ដារ៉ា បណ្តាលឱ្យដួលម៉ូតូពេលនោះស្រាប់តែឈ្មោះ ឡិ ឈប់ម៉ូតូ ហើយទាញដាវសាំម៉ូរ៉ៃពីម៉ូតូ កាប់ទៅលើជនរងគ្រោះ បណ្តាលអោយរងរបួសដាច់ប្រអប់ដៃខាងឆ្វេង (ដាច់សរសៃ និងឆ្អឹង ធ្ងន់ធ្ងរ) ពេលធ្វើសកម្មភាពរួច ក្រុមជនសង្ស័យបានជិះម៉ូតូគេចរៀងៗខ្លួនតែម្តង ។ ចំណែកជនសង្ស័យ និងជនដៃដល់ ០២នាក់ទៀត -ឈ្មោះ ឡែន (សហចារី) និងឈ្មោះ ឡិ (ចារី) បានរត់គេចខ្លួនបាត់ បច្ចុប្បន្នកម្លាំងកងរាជអាវុធហត្ថកំពុងបន្តស្រាវជ្រាវតាមចាប់ខ្លួន ដើម្បីយកមកផ្តន្ទាទោសទៅតាមច្បាប់ ។ ដោយផ្អែកតាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើ លោកបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ។
ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារយុត្តិធម៌ បានចាត់តាំងមន្ត្រីជំនាញ ដើម្បីចាត់ការបន្តតាមនីតិវិធី ។
កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី ។